(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ វិធីប្រតិបត្តិដែលត្រូវប្រកាន់យក ដើម្បីបង្ការបញ្ហាសុខភាពផ្លូវចិត្ត ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជា បានខិតខំធ្វើការ ទប់ស្កាត់មិនឱ្យមានការចម្លងរាតត្បាតវីរុសកូវីដ-១៩ ដោយទទួលបានលទ្ធផលល្អប្រសើរ ដែលគិតត្រឹមថ្ងៃនេះ មិនមានអ្នកស្លាប់ដោយសារជំងឺនេះនៅឡើយទេ។ ម្យ៉ាងវិញទៀត រហូតមកដល់ពេលនេះផងដែរ ប្រទេសកម្ពុជា នៅមិនទាន់មានការចម្លងវីរុសដ៏កាចសាហាវនេះ នៅក្នុងសហគមន៍នៅឡើយដែរ។
ក្រសួងសុខាភិបាលបន្តថា ទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជានៅតែបន្តអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាបន្តទៀត ដើម្បីកុំឱ្យមានការចម្លងពីបុគ្គល ម្នាក់ទៅបុគ្គលម្នាក់ និងការចម្លងក្នុងសហគមន៍ ដែលយើងមិនត្រូវមើលរំលង នូវលទ្ធភាពនៃការចម្លងវីរុសដ៏កាច សាហាវនេះឡើយ ព្រោះការចម្លងអាចកើតមានឡើងនូវគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។
ក្រសួងបន្តថា ដោយសារការរាតត្បាតខ្លាំង នៅលើសាកលលោក និងបុគ្គលិកលក្ខណៈចម្លែករបស់វីរុសកូវីដ-១៩ ដែល មិនទាន់អាចដឹងច្បាស់លាស់បាននោះ ការចម្លងវីរុសកូវីដ-១៩ បានធ្វើឱ្យសាកលលោកជ្រួលច្របល់ និងមានផលប៉ះពាល់ធំធេងណាស់លើផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ចប្រទេស ដែលធ្វើឱ្យមានផលប៉ះពាល់លើផ្លូវ ចិត្តបុគ្គល និងក្រុមគ្រួសារ សម្រាប់ការរស់នៅ និងការប្រកបមុខរបរទទួលទានប្រចាំថ្ងៃនៅក្នុងបណ្ដាប្រទេសនៅ លើសាកលលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
បើយោងតាមឯកសាររបស់អង្គការអង្គការសហប្រជាជាតិស្ដីអំពី «គោលនយោបាយសង្ខេប៖ កូវីដ-១៩ និងតម្រូវការធ្វើសកម្មភាពសម្រាប់សុខភាពផ្លូវចិត្ត (Policy Brief: Covid-19 and the need for Action on Mental Health)» ដែលបានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ បានបង្ហាញថា ការរាត្បាតនៃវីរុសកូដ-១៩ មានផលអវិជ្ជមានលើសុខភាពផ្លូវចិត្តដល់មនុស្សគ្រប់វ័យ (កុមារ វ័យជំទង់ មនុស្សពេញវ័យ និងមនុស្សចាស់ជរា) ក្នុងនោះគេសង្កេតឃើញមាន ជំងឺធ្លាក់ទឹកចិត្ត (Depression) និងជំងឺភ័យ/ថប់បារម្ភ (Anxiety Disorders) មានការកើនឡើង៣ដង ដែលមានអត្រាប្រើវា ឡង់កើនពី ៣៥% ទៅ ៦០% ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។
ព័ត៌មានលម្អិតពីការការពារបង្ការបញ្ហាសុខភាពផ្លូវចិត្ត ដែលអាចឈានដល់ស្ងានភាពធ្ងន់ធ្ងរ លើសុខភាពផ្លូវចិត្ត និងផ្លូវកាយ ក្នុងស្ថានភាពដែលការរាតត្បាតវីរុសកូវីដ-១៩ នៅបន្តក្នុងរយៈពេលយូរទៀតនោះ សូមអានការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖