(បន្ទាយមានជ័យ)៖ មន្ទីរសាធារណការ បានសហការជាមួយការិយាល័យចរាចរណ៍ខេត្ត នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ចុះត្រួតពិនិត្យ និងបិទនូវទីតាំង ជួសជុលរថយន្តធុនធំ ឈ្មោះ ឆាយ ឈាន ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
យានដ្ឋាននេះ បង្កឲ្យមានឧបទ្ទហេតុ ជាច្រើនលើក ហើយមន្ត្រី និងសមត្ថកិច្ចចំរុះ បានចុះទៅពិនិត្យ ស្រាវជ្រាវលើការអនុវត្តកិច្ចសន្យា របស់យានដ្ឋាន ជួសជុល រថយន្តរបស់ឈ្មោះ ឆាយ ឈាន ចុងក្រោយជាលទ្ធផលរកឃើញថា ម្ចាស់យានដ្ឋាននេះ មិនគោរពខ្ជាប់ខ្ជួនកិច្ចសន្យា ធ្វើអាជីវកម្មនោះឡើយ។
កិច្ចសន្យាមានដូចជា ម្ចាស់យានដ្ឋានត្រូវ៖
១៖ អ្នកបច្ចេកទេសជំនាញយានយន្ត ក្នុងអំឡុង៦ខែ ក្រោយបានច្បាប់អាជីវកម្ម
២៖ មិនរំលោភ និងប្រើប្រាស់ដីចំណីផ្លូវ សម្រាប់ថ្មើរជើង
៣៖ គោរពតាមច្បាប់រដ្ឋកំណត់ មិនតម្លើងតទ្រុង ថែមភ្លៅ ទំហំខុសបទដ្ឋានបច្ចេកទេស
៤៖ ត្រូវការពារបរិស្ថាន ពិសេសការបង្ហូរប្រេងរំអិលចេញក្រៅ
៥៖ មិនរំខានដល់ការរស់នៅ របស់អ្នកជិតខាង
៦៖ ត្រូវបម្រុងទុកឧបករណ៍សុវត្ថិភាពឧបករណ៍ពន្លត់អគ្គិភ័យ។
លោក ឆាយ ឈាន ម្ចាស់យានដ្ឋាន បានប្រាប់ឲ្យដឹងថា ក្នុងកិច្ចសន្យានោះ លោកគោរពបានតែមួយចំនួន ហើយសុំពេល៦ខែ ដើម្បីបង្ហើយការងារនៅសល់ និងរុះរើ ទៅទីតាំងថ្មី។
យានដ្ឋានជួសជុល កែច្នៃរថយន្តធំ របស់ឈ្មោះ ឆាយ ឈាន ធ្លាប់បានបង្កហេតុបន្តបន្ទាប់ដូចជា៖
* រថយន្តដែលចូលកែច្នៃដាច់ហ្វ្រាំង បើកបុកបាក់បង្គោលភ្លើងក្បែរនោះ
* ការចតរថយន្តលើទ្រូងផ្លូវបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់យានយន្តដទៃ
* រថយន្តសណ្ដោងដាច់កន្ទុយ រអិលបុកឡានម៉ូតូ
* ឡានធំដាច់ហ្វ្រាំង បង្ករបួសសិស្សចេញពីសាលា
* ឡានលុចស៊ីស៣០០បុកក្រឡាប់កណ្ដាលផ្លូវ ព្រោះការចតរថយន្តមកកែច្នៃ នៅខាងមុខយានដ្ឋាននេះជាដើម ។
មិនតែប៉ុណ្ណោះយានដ្ឋាននេះ ក៏បង្កការភ័យខ្លាចដោយព្រាយភ្លើង ក្លិននិងសម្លេងរំខាន ទាំងយប់ទាំងថ្ងៃ បានបង្កហៀរប្រេងម៉ាស៊ីមលើចិញ្ចើមផ្លូវ បង្កផលប៉ះពាល់ ប្រជាពលរដ្ឋដែលរស់នៅជិតខាង ដោយសារការផ្សារ វាយតោន លឺសម្លេងខ្លាំងជាដើម។
មន្ត្រីជំនាញថា យានដ្ឋាននេះ សុំច្បាប់បើកតែអាជីវកម្មជួសជុលរថយន្តធុនធំ មិនមែនកែច្នៃឡើយ ប៉ុន្តែបានរលួចលាក់កែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាត។
នគរបាលចរាចរណ៍ និងមន្ទីរសាធារណការខេត្ត បានណែនាំឲ្យម្ចាស់យានដ្ឋាន ធ្វើច្បាប់អនុញ្ញាត្តជាមុនសិន សុំឲ្យជាងមានប្រវត្តិរូប ឲ្យបានច្បាស់មិនមានប័ណ្ណបើកបរ កុំបើកសាកកុំកែឆ្នៃភ្លើងខុសបច្ចេកទេស ឲ្យចូលរួមសហការជាមួយសមត្ថកិច្ច។
ក្នុងឱកាសនោះ លោក សុក ចាន់ថា ក៏បានអំពាវនាវដល់ម្ចាស់រថយន្តនេះ និងដទៃជាពិសេសយានដ្ឋានជួសជុលរថយន្តនានា សូមកុំមានការលួចលាក់កែច្នៃរថយន្ត ដោយខុសលក្ខណៈបច្ចេកទេស ព្រោះជាទង្វើផ្ទុយនឹងច្បាប់ ព្រមទាំងងាយក្នុងការបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវទៀតផង៕