(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីណែនាំដល់គ្រប់សាសនិកឥស្លាមកម្ពុជាទាំងអស់ ត្រូវគោរពតាមវិធានការណ៍ ដែលថ្នាក់លើដាក់ជូន ដើម្បីបញ្ជៀសហានិភ័យ នៃការឆ្លងជំងឹ COVID-19 តបតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយត្រូវរៀបចំថ្វាយបង្គុំតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការជួបជុំ ដោយអាចជុំគ្នាក្នុងក្រុមគ្រួសារបានធម្មតា។
យោងលើសេចក្ដីជូនដំណឹង ពីគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ មានខ្លឹមសារដូចខាងក្រោម៖
«យោងសាររបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ជាពិសេសសារដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកប្រជាពលរដ្ឋឲ្យបន្តការប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការទប់ស្កាត់ នៃការឆ្លងជំងឺកូវីដ-១៩។
គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សូមជូនដំណឹងដល់គណៈអ៊ីមុំារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីមុំាម៉ាស្ជិទ គ្រូបង្រៀនខ្មែរឥស្លាម និងប្រជាពលរដ្ឋសាសនិកឥស្លាមទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រាបថា យើងបានកំណត់ថ្ងៃពុធទី២២ ខែកក្កដា ឆ្នាំ២០២០ ជាថ្ងៃ១កើត ខែហ្សុលហិជ្ជះ ពិធីបុណ្យរ៉ាយ៉ាហាជ្ជី នឹងចាប់ផ្តើមនៅថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃសុក្រទី១០ ខែហ្សុលហិជ្ជះ រហូតដល់ថ្ងៃទី០៣ ខែសីហាឆ្នាំ២០២០។
ការសឡាតត្រូវធ្វើនៅផ្ទះដូចរ៉ាយ៉ាហ្វិត្រះ និងរបៀបរបបសឡាតក៏ដូចគ្នាដែរខុសគ្នា តែការនៀតប៉ុណ្ណោះ គឺ៖
* ផ្តើមតឹកពៀររ៉ាតុលអៀហរ៉ម បន្ទាប់មកតឹកពៀរ៧ដង សូត្រហ្វាទីហះ និងស៊ូរ៉ោះអាល់-អាក់ឡា (រ៉ាកាអាត់ទី១)
* រ៉កាអាត់ទី២ តឹកពៀរចំនួន៥ដង សូត្រហ្វាទីហះ និងសូរ៉ោះ អាល់-ហ្គោស៊ីយ៉ះ និងសូមបន្តសឡាតរហូតចប់»៕