(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក និងលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីបំពាក់ឋានន្តរស័ក្ក ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានឲ្យដឹងថា មន្ត្រីនគរបាលខេត្តកំពង់ធំ ដែលត្រូវផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្មី រួមមាន៖ ស្នងការរង៦រូប នាយការិយាល័យ២រូប នាយរងការិយាល័យ៨រូប អធិការស្រុក២រូប អធិការរងស្រុក១២រូប នាយផ្នែក៩រូប និងនាយរងផ្នែក១៨រូប និងមានការបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី១រូប ថ្នាក់វរសេនីយ៍ឯក១រូប ថ្នាក់វរសេនីយ៍ទោ ១៩រូប ថ្នាក់វរសេនីយ៍ត្រី២៨រូប ថា្នក់អនុសេនីយ៍ទោ១៨រូប ថ្នាក់អនុសេនីយ៍ទោ៤២រូប ថ្នាក់អនុសេនីយ៍ត្រី៦រូប ថ្នាក់ព្រិន្ទបាលឯក ៧រូបសរុប១២២រូប។
លោក ព្រឹម រដ្ឋា បានផ្តាំផ្ញើមន្រ្តីនគរបាលខេត្តកំពង់ធំ ដែលទើបតែទទួលបានការតម្លើងឋានន្តរស័ក្តិថ្មី ត្រូវប្រឹងប្រែងអនុវត្តតាមបទវិន័យលេខ០០៦ របស់នគរបាលជាតិខិតខំបំរើប្រជាពលរដ្ឋការពាររក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាជនរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ចៀសវាងការបែកបាក់សាមគ្គីនៅក្នុងអង្គភាព។
លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី បានកោតសរសើរចំពោះកិច្ចការសហការដ៏ល្អរវាងអាជ្ញាធរខេត្ត និងតាមមន្ទីរស្ថាប័នអង្គភាពជុំវិញខេត្តកំពង់ធំ ជាមួយនឹងស្នងការដ្ឋាននគរបាលខេត្ត និងសូមសំណូមពរថ្នាក់ដឹកនាំ និងនាយ នាយរង នាយផ្នែក នាយការិយាល័យចំណុះឲ្យស្នងការនគរបាលខេត្តកំពង់ធំ ត្រូវអនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់ចំពោះវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងស្មោះត្រង់ដាច់ខាតចំពោះ រាជរដ្ឋាភិបាលដែលកើតឡើងពីការបោះឆ្នោតដោយស្របច្បាប់។
លោកណែនាំឲ្យគ្រប់មន្រ្តីនគរបាលទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចការពារសន្តិសុខ សណ្តាប់សុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋផងដែរ៕