(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំឯកសារទស្សនាទាន សម្រាប់ការបង្កើតសាជីវកម្មធានាឥណទាន ដើម្បីដើម្បីគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិ ជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិ។
កិច្ចប្រជុំស្តីពី «ការរៀបចំឯកសារទស្សនាទាន សម្រាប់ការបង្កើតសាជីវកម្មធានាឥណទាន (Credit Guarantee) នៅកម្ពុជា» ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមន្ត្រីជំនាញការអន្តរជាតិផងដែរ។
«គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទាន» នេះ គឺជាយន្តការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាល ស្របតាមវិធានការជុំទី ៤ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិ ជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិ។
«សាជីវកម្មធានាឥណទានកម្ពុជា» មានតួនាទី ផ្តល់សេវាធានាឥណទាន ដល់ក្រុមហ៊ុនអាជីវកម្ម-ធុរកិច្ច នៅក្នុងវិស័យអាទិភាព ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពី វិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ជាទុនបង្វិលរបស់ក្រុមហ៊ុនទាំងនោះ សំដៅ ធានាបាននិរន្តភាពអាជីវកម្ម និងសម្របទៅតាមបរិបទថ្មីនៃធុរកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ។
ជារួម, បន្ទាប់ពីពិភាក្សាអំពីគោលបំណង, ទម្រង់នៃការបង្កើត, បញ្ហាប្រឈមដែលរំពឹងទុកក្នុងដំណើរការនៃ ការបង្កើត និងផែនការសកម្មភាពនៃការអនុវត្តគម្រោង, អង្គប្រជុំបានឯកភាពជាគោលការណ៍ លើឯកសារទស្សនាទាន សម្រាប់ការបង្កើតសាជីវកម្មធានាឥណទាននៅកម្ពុជា ។
ជាកិច្ចការបន្ត, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយមាន អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ជាសេនាធិការ, នឹងបន្តនីតិវិធីរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិ លិខិតបទដ្ឋានចាំបាច់ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដាក់ឲ្យដំណើរការសាជីវកម្មធានាឥណទាននេះ ឲ្យបានឆាប់ ។
ទន្ទឹមនេះ, ដើម្បីធានាថាសាជីវកម្មធានាឥណទាន ផ្តល់ការធានាឥណទានចំទិសដៅ ប្រកបដោយប្រសិទ្ធភាព នៅក្នុងដំណាក់កាលបន្ទាន់ នៃវិបត្តិជំងឺកូវីដ-១៩ នេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយមានអគ្គនាយកដ្ឋានគោលនយោបាយជាសេនាធិការ, នឹងរៀបចំគោលនយោបាយ សម្រាប់ការផ្តល់ធានាឥណទាននេះ ដោយកំណត់វិស័យ, ប្រភេទក្រុមហ៊ុន និងប្រភេទ អាជីវកម្ម ជាដើម ដែលមានសក្តានុពលទទួល បានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជាមន្រ្តីជំនាញការអន្តរជាតិ ដែលខិតខំរៀបចំឯកសារទស្សនាទាន សម្រាប់ការបង្កើតសាជីវកម្មធានាឥណទាននេះ៕