(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ ក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាព ក្នុងការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន (២០១៩-២០២៣)។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនផងដែរ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១០មក កម្ពុជា-ចិន បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដូច្នេះ ហើយទំនាក់ទំនង រវាងកម្ពុជាជាមួយចិន ជាទំនាក់ទំនងពិសេស លើគ្រប់ជ្រុងជ្រោយទាំងអស់៕