(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីវាយតម្លៃ នៃផលប៉ះពាល់បរិស្ថាន លើគម្រោងគ្រប់គ្រងទឹកកខ្វក់ និងការបង្កើតទីលានគ្រប់គ្រងសំណល់រឹង នៅក្នុងក្រុងសិរីសោភ័ណ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការចូលរួម លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងមន្ទីរស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្ត។
ក្នុងកិច្ចប្រជុំនោះ លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៉ី (ADB) សម្រាប់គម្រោងកែលម្អការគ្រប់គ្រងស្ថានទីក្រុង ជុំវិញអាងទន្លេសាបជំហានទី២ ដែលក្នុងនោះមានអនុគម្រោងជាច្រើន លើការធ្វើឲ្យប្រសើរឡើង ផ្នែកគ្រប់គ្រងទឹកកខ្វក់ និងការកែលម្អទីលានគ្រប់គ្រងសំណល់រឹងជាដើម។
លោកអភិបាលរងខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា៖
*អនុគម្រោងបង្កើតទីលានគ្រប់គ្រងសំណល់រឹង មានផ្ទៃដីទំហំជាង ១០ហិកតា (១០.៣៩៧ហិកតា) ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ។
*អនុគម្រោងគ្រប់គ្រងទឹកកខ្វក់ និងកែលម្អប្រព័ន្ធបង្ហូរលូទឹក មានប្រព័ន្ធលូមានប្រវែង ៩៨គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរអបិល សង្កាត់ព្រះពន្លា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
*ចំណែកប្រព័ន្ធលូរំដោះទឹកភ្លៀងវិញ មានប្រវែង ៨,១៥គីឡូម៉ែត្រ ស្ថានីយ៍ប្រព្រឹត្តកម្មសំណល់រាវមានផ្ទៃដី ២៤ហិកតា ក្នុងនោះអាងប្រព្រឹត្តកម្មសំណល់រាវ ១០ហិកតា។
លោកបន្តទៀតថា គោលបំណងរបស់គម្រោងបង្កើតទីលានគ្រប់គ្រងសំណល់រឹង ក្នុងក្រុងសិរីសោភ័ណនេះ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាលក្រុង សម្រាប់គម្រោងកែលម្អ ការគ្រប់គ្រងបរិស្ថានទីក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដើម្បីធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអនាម័យសាធារណៈ។ ការរៀបចំទីលានគ្រប់គ្រងសំណល់រឹង មានប្រសើរជាង និងល្អជាង ទីលានចាក់សំរាមចាស់។
លោកបន្ថែមថា ការសម្អាតទឹកសំណល់ក្នុងក្រុង តាមរយៈការរៀបចំប្រព័ន្ធអាងប្រព្រឹត្តិកម្មសំណល់រាវ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្នុងក្រុងសិរីសោភ័ណ និងដើម្បីធ្វើការប្រកួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងនេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ច តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង
ផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធប្រទេសគ្រប់គ្រាន់ សម្រាប់ទទួលភ្ញៀវទេសចរ ដែលលេងកម្សាន្ត ក្នុងក្រុងស្រីសោភ័ណនេះ៕