(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ រយៈពេល១ខែ អមជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM BOT ដែលបានរៀបចំឡើង នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយមានការចូលរួមពីអភិបាលរងទាំង២៥រាជធានី-ខេត្ត រួមទាំងមន្ត្រីមន្ទីរទេសចរណ៍ គ្រប់បណ្តាខេត្ត និងផ្នែកឯកជនជាច្រើនរូបផងដែរ។
ដោយសារការរីករាលដាលនៃជំងឺ COVID-19 លើពិភពលោកនៅតែកើនឡើង ក៏ដូចជានៅតែមានការនាំចូលមកប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ទ្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM BOT សម្រាប់អាជីវកម្មទេសចរណ៍ចំនួន០៦ ប្រភេទដើម្បីអនុវត្តរួមមាន៖ ភោជនីយដ្ឋាន អាហារដ្ឋាន, សេវាកម្មស្នាក់នៅទេសចរណ៍, រមនីយដ្ឋាន, សហគមន៍ទេសចរណ៍ ព្រមទាំងវិស័យដឹកជញ្ជូនទេសចរណ៍ទាំងផ្លូវគោក និងផ្លូវទឹក ក្នុងគោលបំណងធានាបាននូវសុខសុវត្តិភាពប្រជាពលរដ្ឋ ក្នុងការបង្ការការពារការរីករាលដាលមេរោគ COVID-19។
ប្រព័ន្ធនេះអាចក្តាប់បានទិន្នន័យភ្ញៀវទេសចរ ដែលអញ្ជើញទៅទទួលសេវាកម្មផ្សេងៗ ពីអាជីវកម្មទេសចរណ៍ទូទាំងរាជធានី-ខេត្ត និងអាចចូលរួមក្នុងយន្តការថែរក្សាសុវត្តិភាព វិធានការ Quarantines ក៏ដូចជាផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកអត្តសញ្ញាណភ្ញៀវទេសចរក្នុងករណីមានផ្ទុកជំងឺកូវីដ១៩ ហើយរត់គេចពីការ Quarantine ដែលអាចនាំឱ្យមានការចម្លងនៅក្នុងសហគមន៍ ដើម្បីបំពេញបន្ថែមលើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងបានបញ្ជ្រាបការផ្សព្វផ្សាយអនុវត្តឱ្យដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ដែលជាការឱ្យតម្លៃខ្ពស់ចំពោះអ្វីដែលជា សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាសំខាន់ ស្របតាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំដែលលោកតែងតែបានរំលឹកដាស់តឿនថា កុំឱ្យយកជីវិតរបស់ប្រជាពលរដ្ឋទៅលេងសើច ឱ្យសោះ៕