(សៀមរាប)៖ គណៈកម្មការទី៣ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បានចុះបំពេញបេសកកម្មការងារ នៅខេត្តសៀមរាប ដើម្បីស្វែងយល់អំពីសមិទ្ធផល ការរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ និងការបង្ហាញអំពីស្ថានភាព នៃផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ និងការផ្តល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ។
ប្រតិភូនេះបានដឹកនាំដោយលោក ឡូយ សុផាត ប្រធានគណៈកម្មការ និងមានវត្តមានទទួលស្វាគមន៍ និងការបង្ហាញពីសមិទ្ធផល នៃការរីកចម្រើន និងបញ្ហាប្រឈមរបស់ខេត្ត ដោយក្រុមប្រឹក្សា ដោយមានវត្តមានលោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តសៀមរាប ដោយលោក ទៀ សីហា និងវត្តមានរបស់លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត ផងដែរ។
លោកអភិបាលខេត្ត បានសម្ដែងការស្វាគមន៍ចំពោះ បានបង្ហាញពីសមិទ្ធផល ការរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ ព្រមទាំងពីស្ថានភាព នៃផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ និងការផ្តល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ ហើយប្រតិភូគណៈកម្មការទី៣ ក៏បានចុះមកសិក្សាស្វែងយល់ អំពីការអនុវត្តការងាររបស់ខេត្ត និងបណ្តាមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធលើការអនុវត្ត តួនាទី ភារកិច្ច ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព ក៏ដូចជាផ្តល់នូវបទពិសោធន៍លើការងារទាំងនោះផងដែរ។
លោក ទៀ សីហា បានបន្តថា បច្ចុប្បន្ន ខេត្តសៀមរាម មានការរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងការចូលរួមលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋ រួមចំណែកឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ភាពប្រែប្រួល នៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប បានកត់សំគាល់ឱ្យឃើញតាមរយៈអត្រា នៃភាពក្រីក្រពី ៣២,៤០% ក្នុងឆ្នាំ២០០៩ ដោយថយចុះមកនៅត្រឹមតែ២១,១៦% ក្នុងឆ្នាំ២០១៨ បានធ្វើឱ្យខេត្តសៀមរាប ដែលជាខេត្តក្រីក្រជាងគេបំផុត លំដាប់លេខរៀងទី២ នៅឆ្នាំ២០០១ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥ បានងើបឡើងយ៉ាងរហ័សទៅឈរនៅលំដាប់លេខរៀងទី៩ នៅឆ្នាំ២០១៨។
លោកបានគូសបញ្ជាក់ថា ខេត្តសៀមរាប គឺជាប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់កម្ពុជា ដែលមានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូ-ទេសចរណ៍ច្រើនទៀត សម្រាប់ភ្ញៀវទេសចរ មកទស្សនាកម្សាន្ត។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសមានការចង្អុលបង្ហាញជាប់ជាប្រចាំ ពីក្រសួងទេសចរណ៍ និងដោយមានកិច្ចសហប្រតិបត្តិការល្អ ជាមួយផ្នែកឯកជន និងមានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិនានា ពិសេសការចូលរួមចំណែកគាំទ្រ ពីប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប មានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក ទៀ សីហា បានឱ្យដឹងថា បច្ចុប្បន្នស្ថានភាព វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យមានផលប៉ះពាល់ដល់ប្រតិបត្តិករ និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។ ផលវិបាកនៃជំងឺកូវីដ-១៩ បានធ្វើឱ្យខេត្តសៀមរាប ពិសេសតំបន់រមណីយដ្ឋានអង្គរ ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ បែរជាមានសភាពស្ងប់ស្ងាត់។ ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាចំនួនត្រឹមតែ ៣៨៧,៨៤០នាក់ប៉ុណ្ណោះ ដែលមានការថយចុះរហូតដល់៦៨,៨៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលមានសរុបចំនួន ១,២៣៣,៨៤០នាក់។ ការធ្លាក់ចុះយ៉ាងកំហុកនៃភ្ញៀវទេសចរនេះ គឺបានចាប់ពីអំឡុងពេល នៃការបិទជើងហោះហើរចូលមកកាន់ខេត្តសៀមរាបនាចុងខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យបងប្អូនជាប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប បានជួបប្រទះនូវបញ្ហាប្រឈមជាខ្លាំងក្នុងអាជីវកម្មរបស់ខ្លួន។
លោកបញ្ជាក់ជូនប្រតិភូទៀតថា ទោះស្ថិតក្នុងដំណាក់កាលផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដោយក៏រដ្ឋបាលខេត្ត បាននិងកំពុងជម្រុញ និងយកចិត្តទុកដាក់លើការកែលំអសោភណ្ឌភាពក្រុង ឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ក្នុងនោះខេត្តបានកសាងផ្លូវថ្នល់ក្នុងក្រុង ឆ្នាំ២០១៩-២០២០នេះ សរុបចំនួន២៨ខ្សែ ដែលមានប្រវែងសរុបចំនួន ១៦,៤៥០គីឡូម៉ែត្រ និងបានដាក់លូ និងលូប្រអប់តាមបណ្តោយផ្លូវ។ ជាមួយនេះ រដ្ឋបាលខេត្តនឹងធ្វើការកែលម្អផ្លូវជាតិលេខ៦ ចាប់ពីស្តុបសណ្ឋាគារសុខាអង្គរ រហូតដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្តេចឪ) ក្រោមការគាំទ្រថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគម្រោងនេះនឹងចាប់ដំណើរការក្នុងខែកញ្ញា ឆ្នាំ២០២០ខាងមុខ។ ពាក់ព័ន្ធនឹងការងារស្ថាបនាផ្លូវក្នុងក្រុងសៀមរាប ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយរដ្ឋបាលខេត្ត សិក្សាប្លង់មេសម្រាប់សាងសង់ផ្លូវថ្មី ចំនួន ៣៨ខ្សែ ក្នុងក្រុង ហើយផ្លូវក្នុងក្រុងសៀមរាប នឹងត្រូវដាក់លេខផ្លូវ និងឈ្មោះផ្លូវសរុបចំនួន ១៨១៦ខ្សែ ប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ។
ទន្ទឹមនឹងនោះ ខេត្តក៏បានរៀបចំកែលំអសោភណ្ឌភាពសួនច្បារមាត់ស្ទឹង ខាងជើងស្ពានថ្មព្រះរាជដំណាក់ ដោយបានបំពាក់នូវឧបករណ៍ហាត់ប្រាណហើយ ក្រសួងព្រះបរមរាជវាំង កំពុងដំណើរការរៀបចំសោភណ្ឌភាពសួនច្បារមុខព្រះរាជដំណាក់។ ជាមួយនេះ ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ ការងារពង្រឹកសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ សណ្តាប់ធ្នាប់សាធារណៈ និងការកែលម្អនៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត យើងក៏បានខិតខំប្រឹងប្រែងសំដៅធ្វើយ៉ាងណាឱ្យសៀមរាបរបស់យើង ក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរពីគ្រប់ទិសទី។
ចំពោះការផ្តល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប គឺក្រុមការងារ បានចុះសម្របសម្រួលជូនប្រជាពលរដ្ឋ ក្នុងការបំពេញនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (ក្រ១ និងក្រ២) សរុបបានចំនួន៧,១៣១គ្រួសារ ក្នុងនោះកម្រិតក្រ១ មានចំនួន ២,៩៣២គ្រួសារ កម្រិតក្រ២ មានចំនួន ៤,១៩៩គ្រួសារ។ ទន្ទឹមនឹងនោះខេត្តបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងនោះគ្រួសារក្រីក្រ និងងាយរងគ្រោះបានចំនួន ២៩,៥៣២គ្រួសារ ស្មើនឹងថវិកាចំនួនជាង ៥,៥៩៩លានរៀល និងស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំចំនួន ៨,៣៥៩នាក់ ស្មើនឹងថវិកាចំនួន ៤៤៩លានរៀល។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានចាត់បញ្ជូនថ្នាក់ដឹកនាំខេត្ត មន្ត្រី និងមន្ទីរ-អង្គភាពប្រចាំការនៅព្រំប្រទល់កម្ពុជា-ថៃ (ច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ខេត្តប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ) ដើម្បីសម្របសម្រួល ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋ ដែលវិលត្រឡប់ពីក្រៅប្រទេស (ប្រទេសថៃ)។ បើគិតចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ១៥,៦៧៩នាក់ (ស្រី ៦,៨៣៦នាក់)។ ប្រជាពលរដ្ឋមកពីក្រៅប្រទេសទាំងអស់ ត្រូវបានពិនិត្យសុខភាពជាបឋម និងបន្តណែនាំឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមមណ្ឌលក្នុងមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់។
ទន្ទឹមនឹងនោះដែរ ក្រុមការងាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តបានលើកទឹកចិត្ត ដល់មេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងខេត្តសៀមរាប ចំនួន៩៥២ភូមិ ដែលបំពេញការងារផ្ទាល់ ក្នុងការផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ និងស្រាវជ្រាវរកបងប្អូនដែលវិលមកពីក្រៅប្រទេស ឱ្យធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបានចំណាយថវិកា សរុបចំនួនជាង ៩៥លានរៀល, អង្ករ ៣៨តោន, មី ៩៥២កេសធំ, ម៉ាស់ ៤៧,៦០០ម៉ាស់, និងសាប៊ូលាងដៃ ចំនួន ១១,៤២៤ដុំ។
ពាក់ព័ន្ធនឹងករណីនេះដែរ ខេត្តបានប្រគល់ខិតបណ្ណផ្សព្វផ្សាយរបស់អង្គការ UNICEF តាមរយៈក្រសួងមហាផ្ទៃ និងស្ពតវីដេអូ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនរដ្ឋបាលក្រុង-ស្រុក ដើម្បីផ្សព្វផ្សាយបន្តដល់មូលដ្ឋានភូមិ-ឃុំ និងផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ខេត្ត LED និងមធ្យោបាយផ្សេងទៀត៕