(បាត់ដំបង)៖ ទន្ទឹមនឹងលទ្ធផលនៃការដោះស្រាយបញ្ហា​ របស់ប្រជាពលរដ្ឋ នៅបណ្តាឃុំនានា នៅស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៥កន្លងទៅនេះ បានល្អប្រសើរច្រើនហើយនោះ លោក កុល វីរក្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិស្រុកសង្កែ ខេត្តបាត់ដំបង បានជំរុញឱ្យក្រុមការងាររបស់លោក បន្តខិតខំដោះស្រាយ បញ្ហានានារបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានល្អប្រសើរក្នុងឆ្នាំ២០១៦ ថែមទៀត។

ការជំរុញឱ្យក្រុមការងារយកចិត្តទុកដាក់បន្ថែម ក្នុងការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋនេះ បានធ្វើឡើងនៅ កិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារ ដែលក្រុមការងារថ្នាក់ជាតិ ស្រុកសង្កែទាំង១០ឃុំ ២ថ្ងៃមកនេះ។

ក្នុងពិធីនោះ លោក កុល វីរក្ស បានណែនាំដល់ក្រុមការងារថ្នាក់ជាតិស្រុកសង្កែ និងក្រុមការងារគ្រប់ឃុំទាំងអស់ឱ្យបន្តការងាររបស់ខ្លួនបន្តទៀតក្នុងឆ្នាំ ២០១៦ ដោយយកចិត្តទុកដាក់ក្តាប់ឲ្យបាននូវសុខទុក្ខរបស់ប្រជាពលរដ្ឋ និងដោះស្រាយឆ្លើយតបឲ្យទាន់ពេលវេលា។

ជាមួយគ្នានេះ លោកបានជំរុញសមត្ថកិច្ចសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា និងរៀបចំខ្លួនទៅចុះឈ្មោះបោះឆ្នោត តាមកាលកំណត់របស់គណៈកម្មាការជាតិរៀបចំការបោះឆ្នោត និងក្រើនរំលឹកដល់មន្ត្រីទាំងអស់ខិតខំកែប្រែ និងជំរុញឲ្យអស់នូវការខ្វះខាតមួយចំនួន ដែលនៅសេសសល់។

របាយការណ៍របស់ក្រុមការងារស្រុកសង្កែខេត្តបាត់ដំបង បានឱ្យដឹងថា នៅឆ្នាំ២០១៥ កន្លងទៅ ក្រុមការងារពង្រឹងមូលដ្ឋានស្រុកសង្កែ បានដោះស្រាយបញ្ហា និងសំណូមពរនានា របស់ប្រជាពលរដ្ឋ បានប្រមាណ៨០% ដោយឡែកនៅសល់២០%ទៀត ដែលហួសសមត្ថភាពក្រុមការងារ បានរៀបចំពិនិត្យដាក់ជូនតាមរយៈមន្ទីរដែលមានសមត្ថកិច្ច ដើម្បីស្នើសុំការជួយអន្តរាគមន៍ពីស្ថាប័នថ្នាក់លើបន្ត៕