(ថៃ)៖ រាជរដ្ឋាភិបាលថៃ បានប្រកាសអនុញ្ញាតឲ្យសិស្ស/និស្សិតបរទេស ចូលមកបន្ដការសិក្សា តែតម្រូវការមានប័ណ្ណធានារ៉ាប់រងសុខភាព សម្រាប់ព្យាបាលជំងឺកូវីដ-១៩ និងការស្នាក់នៅក្នុង ប្រទេសរបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជា ប្រចាំថៃឡង់ដ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ។
ស្ថានទូតកម្ពុជា ប្រចាំថៃឡង់ដ៍ សូមជម្រាបជូនដល់សិស្ស និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសថៃទាំងអស់មេត្ដាជ្រាបថា ដើម្បីសម្រួលអនុញ្ញាតឲ្យជនបរទេស ដែលជាសិស្សនិស្សិតរបស់ស្ថាប័នអប់រំ សាលាអន្ដរជាតិរបស់ថៃ ព្រមទាំងឪពុកម្ដាយ ឬអាណាព្យាបាល អាចធ្វើដំណើរចូលមកបន្ដការសិក្សានៅក្នុងប្រទេសថៃបាន ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នេះតទៅ ដោយតម្រូវបំពេញលក្ខខ័ណ្ឌដូចខាងក្រោម៖
ក៖ ឯកសារមុនធ្វើដំណើរចូលប្រទេសថៃ៖
* លិខិតបញ្ជាក់ពីស្ថានទូតថៃនៅភ្នំពេញថា អាចចូលមកប្រទេសថៃបាន (Certificate of Entry) * លិខិតបញ្ជាក់សុខភាពសម្រាប់ធ្វើដំណើរ (Fit to Travel/Fit to Fly Health Certificate)
* លិខិតបញ្ជាក់ថា មិនមានជំងឺកូវីដ១៩ ដោយប្រើប្រាស់វិធីពិនិត្យ RT-PCR មិនលើស ៧២ ម៉ោងមុន ការធ្វើដំណើរ (Medical Certificate with a laboratory result indicating that COVID-19 is not detected)
* ប័ណ្ណធានារ៉ាប់រងសុខភាព សម្រាប់ការព្យាបាលជំងឺកូវីដ១៩ និងការស្នាក់នៅក្នុងប្រទេសថៃ ក្នុងរង្វង់ ទឹកប្រាក់ ចំនួន១០ម៉ឺនដុល្លារអាមេរិក
* ឯកសារនានាដែលបញ្ជាក់ថា ទីកន្លែងដែលសិស្ស/និស្សិតទាំងនោះ នឹងត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដោយប្រព្រឹត្តិទៅតាមការកំណត់របស់រាជរដ្ឋាភិបាលថៃ
* លិខិតបញ្ជាក់ពីផែនការធ្វើដំណើរពីច្រកចេញ-ចូលប្រទេស ទៅទីតាំងធ្វើចត្តាឡីស័ក។
សម្គាល់៖ លើកលែងសិស្សនិស្សិតរបស់ស្ថាប័នអប់រំ ដែលនៅក្រៅប្រព័ន្ធច្បាប់ថៃ (សាលារៀនឯកជន ឬសាលា ដែលមានលក្ខណៈស្រដៀងគ្នានេះ)
ខ៖ ពេលធ្វើដំណើរដល់ប្រទេសថៃ៖
* ត្រូវធ្វើការត្រួតពិនិត្យផ្លូវដង្ហើម និងវាស់កំដៅនៅច្រកព្រំដែន (Exit screening)
* ការធ្វើដំណើរទៅកន្លែងចត្តាឡីស័ក ត្រូវធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូន ដែលស្ថាប័នសិក្សាបាន រៀបចំ ហាមចូលចតនៅតាមកន្លែងផ្សេងៗ រហូតដល់កន្លែងធ្វើចត្តាឡីស័ក និងត្រូវធ្វើដំណើរទៅតាម ផ្លូវដែលរដ្ឋបានកំណត់ ដោយមធ្យោបាយដឹកជញ្ជូន ដែលមានបំពាក់កាម៉េរាសុវត្ថិភាពតាមដានការធ្វើដំណើរ។
* ត្រូវប្រើប្រាស់ប្រព័ន្ធតាមដាន ឬដំឡើងកម្មវិធី (Application) ដែលរដ្ឋបានកំណត់ ដើម្បីតាមដាន សកម្មភាពក្នុងកំលុងពេលធ្វើចត្តាឡីស័ក
* ត្រូវត្រួតពិនិត្យរកជំងឺកូវីដ១៩ ដោយវិធី RT-PCR ចំនួន២លើក លើកទី១ នៅថ្ងៃដែលសិស្សនិស្សិត ធ្វើដំណើរមកដល់ប្រទេសថៃ ក្នុងកំឡុងពេល៣-៥ថ្ងៃ និងលើកទី២ ក្នុងកំលុងពេល១១-១៣ថ្ងៃ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសិស្ស/និស្សិត ដែលត្រូវចូលមកបន្តការសិក្សានៅក្នុងប្រទេសថៃ ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។ ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខទូរសព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល/និស្សិត)៕