(ភ្នំពេញ)៖ យុវជន៣នាក់ ដែលញៀនលេងល្បែងហ្គេម​បាញ់ត្រី​ភ្នាល់​ដាក់លុយ និងប្រើប្រាស់គ្រឿងញៀន​ត្រូវបាននគរបាលព្រហ្ម​ទណ្ឌខណ្ឌឫស្សីកែវ បើកប្រតិបត្តិការឡោម​ព័ទ្ធ​បង្ក្រាបឃាត់ខ្លួន ព្រមទាំងដក​ហូតទូហ្គេម១ នៅវេលាម៉ោង​៣៖០០នាទីរសៀលថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០១៦ នៅចំណុចផ្ទះលើទឹកជួរមាត់ទន្លេ ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

មន្ត្រីនគរបាលបានឲ្យដឹងថា យុវជនត្រូវឃាត់ខ្លួន១ឈ្មោះហៃ អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ២ឈ្មោះពីណូ មុខរបរកម្មករសំណង់ និង៣ឈ្មោះវិ ឆ័យ អាយុ៣០ឆ្នាំអ្នកទាំង៣ស្នាក់នៅម្ដុំចំការចេក ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

អធិការរងនគរបាល ខណ្ឌឫស្សីកែវលោក លឹម សេរីសោភ័ណ្ឌ បានបញ្ជាកលថា ក្រោយទទួលបានបទបញ្ជាពីលោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ លើការបង្ក្រាបល្បែងស៊ីសង​និងជនញៀនថ្នាំក្នុងមូលដ្ឋានរួចមក នារសៀលនេះ លោកបានដឹកនាំកម្លាំង ចុះបង្ក្រាបជាក់ស្តែង ដោយឃាត់មនុស្សចំនួន៣នាក់រួមនិងដកហូតទូហ្គេមធំបាញ់ត្រីភ្នាល់ប្រាក់ចំនួន១ទូ។

សូមបញ្ជាក់ថា អ្នកញៀនថ្នាំនិងញៀនល្បែងទាំង៣នាក់រួមនិងទូហ្គេមចំនួន១បាននិងកំពុងសួរនាំនិងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការតាមនិតិវិធីនៃផ្លូវច្បាប់។

ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានដកហូតថ្នាំ១៩កញ្ចប់ផងដែរ ៕

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ចូលបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ក្របួចអ្នកជក់គ្រឿងញៀន៣នាក់

Posted by Fresh News Photo on Monday, January 25, 2016