(ពោធិ៍សាត់)៖ គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោក ម៉ៅ ធនិន អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត។
កិច្ចពិភាក្សាការងារនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ក្នុងគោលបំណងដើម្បីស្វែងយល់ពី ប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។
មានប្រសាសន៍បើកកិច្ចប្រជុំ លោកស្រី និន សាផុន បានឱ្យដឹងថា ក្នុងដំណើរបំពេញបេសកម្ម របស់ប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា មកកាន់ទឹកដីខេត្តពោធិ៍សាត់នាពេលនេះ គឺដើមី្បធ្វើការស្វែងយល់ អំពីស្ថានភាពទូទៅ និងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្តល់សេវារដ្ឋបាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ លើការងារទាំងនោះផងដែរ។
បន្ទាប់ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ជម្រាបគណៈប្រតិភូរដ្ឋសភា ពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជាសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចមក, លោកស្រី និន សាផុន ក៏បានធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ លើការងារអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានសោភណ្ឌភាព និងការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យគត់សម្គាល់។
លោកស្រីបន្ថែមថា ខេត្តពោធិ៍សាត់ គឺជាខេត្តគម្រូមួយ ដែលធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងផ្តល់ឱកាសឱ្យពលរដ្ឋ បានលើកឡើងពីបញ្ហាប្រឈម ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើការដោះស្រាយជារួម រហូតបានការទទួលស្គាល់ និងល្បីរន្ទឺពេញបណ្តាញសង្គម។
ក្នុងនាមប្រធានគណៈកម្មការ លោកស្រីក៏បានលើកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងកាលទេសៈសកលលោក កំពុងទទួលរងគ្រោះដោយជំងឺកូវីដ១៩ លោកស្រី និន សាផុន បានធ្វើការណែនាំមួយចំនួន ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាព គឺត្រូវបន្តធ្វើការផ្សព្វផ្សាយណែនាំ ស្តីពីការបង្ការទប់ស្កាត់ជំងឺនេះ និងធ្វើការពិនិត្យឡើងវិញ នូវរាល់បញ្ហាប្រឈមនានា ដើមី្បធ្វើការដោះស្រាយបានទាន់ពេលវាលា ជាទីទំនុកចិត្តដល់ប្រជាពលរដ្ឋ។
នៅថ្ងៃដដែលនោះ ប្រតិភូក៏បានប្រគល់ស្បៀងជូនដល់ជនចាស់ជរា និងគ្រួសារក្រីក្រដាច់ពេលពិតប្រាកដ និងបន្តចុះពិនិត្យមើលវិសាលភាពទំនប់ស្ទាក់ទឹកធារាស្ត្រទី៣ នៅឃុំរកាត និងទី៥ នៅឃុំសំរោង ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទំនប់ទាំងពីរនេះអាចស្តុកទឹកបានជាង៥០លានម៉ែត្រគូប សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ព្រមទាំងបន្តពិនិត្យទំនប់ និងប្រឡាយមេដំណាក់អំពិលផង៕