(ភ្នំពេញ)៖ ទយ្យទានមួយចំនួនធំ ដែលមានទាំងអង្ករគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្ទះបាយ និងបច្ច័យមួយចំនួនត្រូវបាន ព្រះចៅអធិការវត្តប្រាសាទ ប្រគល់ជូនសាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តប្រាសាទ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ដ្រីជាច្រើនទៀតផងដែរ។
អំណោយដែលត្រូវប្រគល់ជូននេះ រួមមាន អង្ករ៥តោន, ទឹកសុទ្ធ១៥០កេស, ទឹកក្រូច៧០កេស, ទឹកត្រី ៨០យួរ, ទឹកស៉ីអ៉ីវ ៧០យួរ, ទឹកដោះគោ ៧កេស, ត្រីខ ៩០យួរ, មី ១៥០កេស, ប្រេងឆា ២៨ធុង, ស្ករស ១៥០គីឡូក្រាម, អំបិល ១៦០គីឡូក្រាម, សម្ភារប្រើប្រាស់ផ្ទះបាយ ៨ឈុត សរុបទាំងអស់ជិត២២លានរៀល និងថវិកា ៣,០០០ដុល្លារផងដែរ។
ក្នុងឱកាសនោះ ព្រះឧត្តមធម្ម សោម ស៊ីម បានមានសង្ឃដីកា ថ្លែងនូវអំណរអរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែ យកចិត្តទុកដាក់ជួយដល់ ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ដោយជានិច្ចជាកាលសម្ដេចតែងតែជួយ ដោយមិនទុកឲ្យ ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់បាយនោះទេ។
ព្រះឧត្តមធម្មសោម ស៊ីម ក៏បានសម្ដែងនូវការអរគុណ ចំពោះ អាជ្ញាធររាជធានីភ្នំពេញ ពិសេស លោក ឃួង ស្រេង ដែលបានយកចិត្តទុកដាក់ ដោយបានកសាងផ្លូវចូលវត្តមួយខ្សែ ដើម្បីសម្រួលពុទ្ធបរិស័ទ និងព្រះសង្ឃបាននិមន្ត និងធ្វើដំណើរបានស្រួល។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងថា ការប្រគល់នូវទេយ្យទាន និងថវិការបស់ព្រះឧត្តមធម្ម សោម ស៊ីម ព្រះចៅអធិការវត្តប្រាសាទ និងជាព្រះអនុគុណខណ្ឌព្រែកព្នៅ មកសាខាកាកបាទក្រហមរាជធានីភ្នំពេញនេះ គឺពិតជាបានបង្ហាញឲ្យឃើញ ពីភាពសិ្នទ្ធស្នាល រវាងពុទ្ធចក្រ និងអាណាចក្រ។
លោកបញ្ជាក់ថា ពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា មានន័យថា បើអាណាចក្រមានការរីកចម្រើនពុទ្ធចក្រ ក៏មានការរីកចម្រើនដូចគ្នា ហើយអាណាចក្រជួបបញ្ហា ពុទ្ធចក្រ ក៏ជួបបញ្ហាដែរ។ ជាក់ស្ដែងនៅក្នុងសម័យ ប៉ុល ពត អាណាចក្របានធ្លាក់ដល់ចំណុចសូន្យ ក្នុងនោះពុទ្ធចក្រ ក៏បានធ្លាក់ដល់ចំណុចសូន្យដូចគ្នាដែរ។
លោក ឃួង ស្រេង ក៏បានលើកឡើង ពីបញ្ហាជំងឺរាតត្បាតនៅលើពិភពលោក ដែលកម្ពុជាបាននិងកំពុងប្រឈមទៅនឹងជំងឺកូវីដ១៩ ប៉ុន្តែក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានការពារ និងទប់ស្កាត់បានយ៉ាងល្អប្រសើរ ដោយមកដល់ពេលនេះ មិនមានមនុស្សណាម្នាក់ស្លាប់ដោយជំងឺនេះឡើយ។
លោក ឃួង ស្រេង បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះឧត្តមធម្ម សោម ស៊ីម ដែលបានបរិច្ចាគនូវទេយ្យទានមួយចំនួនធំនេះ ជូនមកសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌ នៅក្នុងរាជធានីភ្នំពេញ។
ក្នុងនាមកាកបាទក្រហមរាជធានីភ្នំពេញ លោកនឹងយកទេយ្យទានទាំងនេះ ទៅធ្វើសកម្មភាពឲ្យចំគោលដៅគ្រឹះរបស់កាកបាទក្រហមកម្ពុជា តមតាមការណែនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិសេសយកទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ក្រីក្រ ចាស់ជរា និងក្រុមគ្រួសារមានផ្ទុករោគអេដស៍ជាដើម៕