(ភ្នំពេញ)៖ វង់ល្បែងស៉ីសង «អាប៉ោង» ដ៏ធំសម្បើមមួយកន្លែង ដែលលួចលាក់លេងជាយូរឆ្នាំមកហើយ ស្ថិតក្នុងក្លឹបតារាងបាល់ទះយីហោ «អាយឡេន» ក្នុងក្រុមទី២ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ នាម៉ោងជាង ៩យប់មិញថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ត្រូវបានលបឆ្មក់បង្ក្រាបដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយអភិបាលខណ្ឌ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រៅពីដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌ នៅក្នុងប្រតិបត្តិការលបឆ្មក់បង្ក្រាបវង់ល្បែងស៉ីសង «អាប៉ោង» ដ៏ធំមួយកន្លែងក្នុងក្លឹបតារាងបាល់ទះយីហោ «អាយឡេន» ដោយឃាត់ខ្លួនអ្នក លេង៣នាក់ ដកហូតសម្ភារល្មើសជាវត្ថុតាងមួយចំនួន ខណៈអ្នកលេងជាច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនអស់ជាមួយមេអាប៉ោងនេះ គឺមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ, នាយករដ្ឋបាលខណ្ឌ, អធិការរងនរបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ មន្ត្រីនគរបាល និងកម្លាំងសណ្ដាប់ធ្នាប់។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ក្រោមការដឹកនាំដោយលោកអភិបាលខណ្ឌ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងរង្វង់កិច្ចសហប្រតិបត្តិការលបឆ្មក់ឡោមព័ទ្ធបង្ក្រាបវង់ល្បែងស៉ីសង «អាប៉ោង» ដ៏ធំសម្បើមមួយកន្លែង ដែលលួចលាក់លេងជាយូរឆ្នាំមកហើយ ស្ថិតក្នុងក្លឹបតារាងបាល់ទះយីហោ «អាយឡេន» នេះដែរក្រៅពីឃាត់ខ្លួនអ្នកលេង៣នាក់ ហើយអ្នកលេងជាច្រើននាក់ផ្សេងទៀតបានរត់ចែកជើងគ្នាអស់ជាមួយមេអាប៉ោងនេះ គឺដកហូតសម្ភារមួយចំនួនរួមមាន៖ មេអាប៉ោង២គ្រាប់, ចានអាប៉ោង២, ផ្ទិលអាប៉ោង១, កំរ៉ាល១, ចានជរ័១, ទូរស័ព្ទសាំសុងម៉ាកS9 មួយគ្រឿង។
ចំពោះជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ នៅក្នុងរង្វង់ប្រតិបត្តិការលបឆ្មក់បង្ក្រាបវង់ល្បែងស៉ីសង «អាប៉ោង» ដ៏ធំមួយកន្លែងក្នុងក្លឹបតារាង បាល់ទះ យីហោ «អាយឡេន» ទី១-ឈ្មោះ យ៉ាន់ ចន្ទ័ណារាជ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិទួលសង្កែសង្កាត់ទួលសង្កែ(គ្មានសារធាតុញៀន) ជាអ្នកលេង។ ទី២-ឈ្មោះ សេង អាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៧៧ ផ្លូវបេតុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ (គ្មានសារធាតុញៀន) ជាអ្នកលេង។ និងទី៣-ឈ្មោះ លឹម ខួច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជានិសិត្សបញ្ញាសាស្ត្រឆ្នាំទី១ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (គ្មានសារធាតុញៀន) ជាអ្នកលេង។
បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បាននាំខ្លួន ជនសង្ស័យ និងវត្ថុតាងទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តអនុវត្តតាមនីតិវីធី៕