(កំពង់ចាម)៖ ដើម្បីចូលរួមក្នុងវិស័យមនុស្សធម៍ និងកើតចេញពីទឹកចិត្តជ្រះថ្លាកសាងបុណ្យកុសល្យ តាមលំអានព្រះពុទ្ធសាសនា ក្រោមការផ្តួចផ្តើមពី លោកឧត្តមសេនីយ៍ទោ ហេង រតនា អនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែននៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោករួមនឹងព្រះគ្រូបិយធម្មោ អ៊ុ ហឿង ព្រះគ្រូចៅអធិការវត្តទីបសិម្ពលីវនារាមកោះរកា ហៅវត្តកោះរកា និងលោក-លោកស្រីជាសមាជិកក្រុមចិត្តបុណ្យ បានចុះសួរសុខទុក្ខ ប្រគល់នូវផ្ទះចិត្តបុណ្យចំនួន០១ខ្នងថ្មីស្រឡាង និងសម្ភារប្រើប្រាស់ជាច្រើនមុខ ព្រមទាំងថវិកា ជូនដល់លោកតា ប៉ិច ឆេង មានអាយុ៧៤ឆ្នាំ ដែលជាទុរគតជន ចាស់ជរាទីទ័លក្រ ជួបការលំបាកពិតប្រាកដ រស់នៅតែម្នាក់ឯង ស្ថិតនៅភូមិថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ផ្ទះចិត្តបុណ្យនេះ ត្រូវបានសាងសង់រួចរាល់ នៅពីមុខខ្ទមចាស់ទ្រុឌទ្រោមរបស់លោកតាតែម្តង ដោយសាងសង់ខ្ពស់ផុតពីដីបណ្ដោយ០៥ម៉ែត្រ និងទទឹង៤ម៉ែត្រ។
បើតាមការឲ្យដឹង ពីពលរដ្ឋដែលរស់នៅទីនោះ លោកតា ប៉ិច ឆេង តាំងមុនរហូតមកពេលបច្ចុប្បន្ននេះ ក្រីក្រលំបាកវេទាន ដើរស៊ីឈ្នួលធ្វើស្រែចម្ការ ដាំដំណាំផ្សេងៗ ជាកម្មករសំណង់ និងការងារជាច្រើនទៀត ដើម្បីទទួលបានបានប្រាក់ចំណូលបន្តិបន្តួច សម្រាប់ចិញ្ចឹមជីវិត ដែលសព្វថ្ងៃនេះមានតែខ្លួន០១រស់នៅផ្ទះខ្ទមតូច រខេករខាក មានដំបូលមើលធ្លុះដល់មេឃ ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង រតនា បានសម្តែងនូវការអាណិតអាសូរជាពន់ពេក ក៏ដូចជាពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ និងទឹកចិត្តស្រលាញ់ យកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះលោកតា ប៉ិច ឆេង ដែលមានវ័យចាស់ជរា ជាទុរគតជនទីទ័លក្រពិតប្រាកដ ក៏ដូចជាទុរគតជនទាំងអស់ ដោយក្តីអាណិតអាសូរក្រៃលែង។
នាឱកាសនោះដែរ លោកតា ប៉ិច ឆេង បានបង្ហាញនូវទឹកចិត្តរំភើបរីករាយបំផុត ដោយលើកម្រាមដៃដប់ គោរពអរគុណដល់សម្ដេចទាំងទ្វេរ និងលោកឧត្តមសេនីយ៍ទោ ហេង រតនា រួមនិងព្រះគ្រូចៅអធិការ និងក្រុមការងារចិត្តបុណ្យ ដែលបានផ្តល់ និងប្រគេននៅផ្ទះចំនួន១ខ្នង និងថវិកាមួយចំនួនធំ រួមនឹងសម្ភារប្រើប្រាស់ហូបចុកប្រចាំថ្ងៃជាច្រើន សន្ធឹកសន្ធាប់នេះ។
ចំពោះការប្រគេន និងផ្តល់ជូន ដើម្បីសម្រួលជីវភាពរស់នៅរបស់លោកតា នាពេលនោះរួមមាន៖ ផ្ទះចិត្តបុណ្យ ចំនួន១ខ្នង ទំហំ៥គុណនឹង៤ម៉ែត្រ, អង្ករ២០០គីឡូក្រាម, មី៣កេស, ត្រីខ៥យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ស្បែកជើង២គូ, វិទ្យុ១, ពូកគេង១, កន្ទេល១, ខ្នើយ១, កង្ហារ១, ទឹកសុទ្ធ២កេស, ទឹកផ្លែឈើ៣កេស, ទឹកដោះគោឆៅ៣យួរ, ក្រមារ២, សាប៊ូ៣កញ្ចប់, ប្រេងឆា២ដបធំ, ស្ករស៥គីឡូក្រាម, សាដក់១, សំលៀកបំពាក់មួយចំនួន និងថវិកាចំនួន៧២ម៉ឺនរៀលផងដែរ៕