(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ មានក្រុមហ៊ុនដែលបានស្នើសុំចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ចំនួនសរុប ៦៥១ ដែលក្នុងនោះក្រុមហ៊ុនដែលបានចុះបញ្ជីដោយជោគជ័យនៅក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ៣៦៩ និងក្រុមហ៊ុនដែលកំពុងត្រូវបានត្រួតពិនិត្យមានចំនួន ២៨២។
លោក គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែសីហានេះថា សម្រាប់ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីនេះ, អ្នកស្នើសុំចុះបញ្ជីត្រូវរង់ចាំយ៉ាងយូរ៨ថ្ងៃ នៃថ្ងែធ្វើការប៉ុណ្ណោះ។ ជាក់ស្តែង, កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារបានរកឃើញក្រុមហ៊ុនទី១ ដែលបានចុះបញ្ជីជោគជ័យ ដោយចំណាយពេលតែ៤ថ្ងៃ នៃថ្ងៃធ្វើការ។
បន្ថែមលើនេះ មានសំណើបម្រុងទុកនាមករណ៍ចំនួន១២៦៨ សំណើផងដែរ ដែលក្នុងនោះ១០៧៧ សំណើទទួលបានការឯកភាព, ១៩០សំណើកំពុងត្រូវបានត្រួតពិនិត្យ និង១សំណើត្រូវបានបដិសេធ។
លោក គង់ ម៉ារី បានបញ្ជាក់ថា យោងស្ថិតិខាងលើសបញ្ជាក់ឲ្យឃើញពីលទ្ធផល និងការវាយតម្លៃខ្ពស់ដូចខាងក្រោម៖
* កិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្ហាញយ៉ាងជាក់ច្បាស់ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសទាក់ទាញសម្រាប់អ្នកវិនិយោគ និងធុរជន នៅពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងជួបវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជម្ងឺកូវីដ១៩ យ៉ាងណាក៏ដោយ។
* ការកែទម្រង់ថ្មីនេះបានបង្ហាញឲ្យឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន (IT) ដើម្បីផ្តល់សេវាសាធារណៈ ពិតជាមានប្រសិទ្ធភាព និងអាចជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ មានជាអាទិ៍ តម្លាភាព និងការកាត់បន្ថយពេលវេលាក្នុងការចុះបញ្ជីអាជីវកម្ម។
* ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX) ដែលធ្វើប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលរួមមានក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ, បាននិងកំពុងប្រព្រឹត្តិទៅដោយរលូន។ ប៉ុន្តែប្រាកដណាស់ថា កិច្ចការងារប្រកបដោយមោទនៈនេះ នឹងមិនអាចសម្រេចទៅបានឡើយ ប្រសិនបើមិនមានការចូលរួមសហការយ៉ាង សកម្មបំផុតពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាមួយនឹងឆន្ទះនយោបាយខ្ពស់ របស់ថ្នាក់ដឹកនាំក្នុងការកែទម្រង់ដ៏សំខាន់នេះ។
* ក្រុមការងាររបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់បានផ្តល់នូវសេវាកម្ម និងយន្តការគាំទ្រយ៉ាងសកម្មទៅដល់សាធារណៈជន និងអ្នកប្រើប្រាស់ទាំងអស់ដែលជួបបញ្ហា ឬមានចម្ងល់ក្នុងពេលប្រើប្រាស់ប្រព័ន្ធ ក៏ដូចជានៅពេលចុះបញ្ជីអាជីវកម្ម ដោយឈរលើអភិក្រមយកធុរជន ឬអ្នកប្រើប្រាស់ជាអាទិភាព។ មធ្យោបាយគាំទ្រទាំងនោះរួមមានប្រអប់ទំនាក់ទំនង(Contact Box) លើគេហទំព័រ www.registrationservices.gov.kh, ទូរស័ព្ទទាន់ហេតុការណ័ (081 888 296), ទំព័រហ្វេសប៊ុក (Online Business Registration Service), អ៊ីម៉ែល ([email protected]) និងការជជែកផ្ទាល់នៅលើថ្នាលចុះបញ្ជីអាជីវកម្មផ្ទាល់តែម្តង (Live Chat)។
ជាទិដ្ឋភាពរួម អ្នកចុះបញ្ជី និងធុរជនបានសាទរ និងផ្តល់ការគាំទ្រលើការដាក់ឲ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីថ្មីនេះ ដោយហេតុថាប្រព័ន្ធចុះបញ្ជីថ្មីនេះ មាននីតិវិធីងាយស្រួលជាងមុន (ការចុះបញ្ជីបានដល់ទៅ ៣ក្រសួង-ស្ថាប័នក្នុងពេលតែមួយតាមអនឡាញ), ពេលវេលាទទួលបានការសម្រេចពីក្រសួង-ស្ថាប័នខ្លីជាងមុនច្រើន (ត្រឹម៨ថ្ងៃនៃថ្ងៃធ្វើការ) និងតម្លៃសេវាទាបជាងមុនប្រមាណ ៤០ភាគរយ៕