(កំពង់ឆ្នាំង)៖ ព្រះមេត្តិសត្ថាវង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា និងជាព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានសង្ឃដីកាថា ការប្រកាសផ្តល់ដំណែងដល់មន្រ្តីសង្ឃ គឺដើម្បីបំពេញឱ្យបានត្រឹមត្រូវ នូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងការដឹកនាំ ផ្នែកពុទ្ធសាសនា ដើម្បីគ្រប់គ្រងកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។
ព្រះមេត្តិសត្ថាវង្ស កុសល មានសង្ឃដីការយ៉ាងដូចនេះនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ក្នុងឱកាសនិមន្តជាអធិបតី ប្រកាសតែងតាំង ភិក្ខុ ហែម កុល ជាព្រះគ្រូ ចៅអធិការស្តីទី និងតែងតាំងព្រះភិក្ខុ ជា សុខ ជាព្រះគ្រូសូត្រស្តាំស្តីទីវត្តថ្មកែវ និងស្រាចស្រពសុគន្ធវារី វត្តថ្មកែវ ភូមិថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ពិធីនេះមានការចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង, ព្រះសន្តិកោសល ប៉ិន គង្គា ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាសម្ដេច ព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត ទេព វង្ស, ព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស, លោក ផៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ មន្រ្តីមន្ទីរធម្មការនិងពុទ្ធបរិស័ទចូលរួមផងដែរ។
ព្រះមេត្តិសត្ថាវង្ស កុសល មានសង្ឃដីការបន្តទៀតថា ទីវត្តអារាមជាទីជំរកអប់រំចរិយាធម៌ដល់ពុទ្ធបរិស័ទ យុវជនដែលជាទំពាំងស្នងឫសី្ស និងជាឱកាសល្អក្នុងការ រួបរួមគ្នាដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូ រសមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាគ្រួសារ និងសង្គមជាតិ។
លោក ផៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរស់នៅឱ្យមានអនាម័យល្អ ជៀសផុតពីជំងឺផ្សេងៗ និងត្រូវបន្តប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការការពារ និងទប់ស្កាត់ នូវជំងឺផ្សេងៗជាពិសេសជំងឺ COVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និងនៅក្នុងសហគមន៍។
លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវអប់រំកូនចៅឱ្យខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿង និងអំពើអបាយមុខ ផ្សេងៗដែលសង្គមស្អប់ខ្ពើម និងបង្កើនមុខរបររកចំណូលប្រចាំថ្ងៃ ជាពិសេសបង្កបង្កើនផលឱ្យបានទាន់រដូវកាល។
លោក សរ លាង បានថ្លែងដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ វិស័យពុទ្ធ ចក្រ និងអាណាចក្រមានការអភិវឌ្ឍរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារ និងមានសិទ្ធិគោរពតាមជំនឿសាសនារៀងៗខ្លួន។ លោកក៏បានផ្ដាំផ្ញើដល់ អាចារ្យគណៈកម្មការទាំងអស់ត្រូវចេះសាមគ្គីភាពគ្នាឱ្យបានល្អ ត្រូវគោរពតាមតួនាទី និងភារកិច្ចរបស់ខ្លួនផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធីនេះព្រះមេត្តិសត្ថាវង្ស កុសល និងលោក សរ លាង បានចែកទេយ្យទានដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២២គ្រួសារ និងបានរៀបចំស្រោច ស្រពព្រះសុគន្ធវារីដល់ព្រះចៅអធិការស្តីទីវត្តថ្មកែវផងដែរ៕