(កំពង់ឆ្នាំង)៖ ជនសង្ស័យ២នាក់ រួមនឹងវត្ថុតាងឆក់ត្រី ត្រជាក់ និងក្តៅចំនួន២គ្រឿង ដែលជនល្មើសកំពុងធ្វើសកម្មភាពឆក់ត្រី ត្រូវបានសមត្ថកិច្ចសង្កាត់ រដ្ឋបាលជលផលឆ្នុកទ្រូង ធ្វើការបង្ក្រាបបានភ្លាមៗ ខណៈពួកគេកំពុងតែធ្វើសកម្មភាពឆក់ត្រី ។
ប្រតិបត្តិការបង្រ្កាប បទល្មើសឆក់ត្រីនេះ ធ្វើឡើងនៅវេលាម៉ោង០២៖១៥នាទីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចកោះសត្វ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង លោក តាត សីហាក់ បានឲ្យដឹងថា នៅវេលាខាងលើ កម្លាំងសង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានចុះត្រួតពិនិត្យបទល្មើស នេសាទនៅចំណុចកើតហេតុ ក៏បានប្រទះ ឃើញជនសង្ស័យទាំង២នាក់ កំពុងធ្វើសកម្មភាពឆក់ត្រី នៅចំណុចខាងលើនេះ ខណៈនោះសមត្ថកិច្ច ក៏បានធ្វើការប្រដេញ តាមចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។
លោកបានឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តការនេះ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបរិបូណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនិងវត្ថុតាងឆក់ត្រី មានអាំងវទ័រឆក់ត្រី ដែលជាឧបករណ៍ឆក់បែបត្រជាក់១គ្រឿង និងឆក់ក្តៅ១គ្រឿង អាគុយ៧០អាំពែរ១ គ្រឿងដងឆក់១គូ កន្ត្រកដងត្រី១ រួមនិងមធ្យោបាយធ្វើសកម្ម ភាពកាណូតស្មាច់ភ្ជាប់ ជាមួយម៉ាស៊ីនឡាន១គ្រឿងផងដែរ។
លោកបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន បានទាំង២នាក់ខាងលើនេះ មានឈ្មោះ មឿង វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ តៃសុភី ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង២ រស់នៅក្នុងភូមិ ថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ធ្វើការសាកសួរ និងកសាងឯកសារបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕