(ភ្នំពេញ)៖ នៅម៉ោងប្រមាណ ៩ព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា នេះ លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក នឹងចូលជួបឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ពិភាក្សាលើការងារ​មួយចំនួន ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ក៏ដូចជាពិភាក្សាអំពីការរៀបចំនូវកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាខែក្រោយផងដែរ។

ប្រមុខការទូតអាមេរិក លោក John Kerry មកដល់ប្រទេសកម្ពុជា នៅព្រលប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ នេះជាលើកដំបូងហើយ ដែលប្រមុខការទូតប្រទេសមហាអំណាចពិភពលោក លោក John Kerry បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីរូបបានឡើងធ្វើជារដ្ឋមន្រ្តីការបរទេសនៅឆ្នាំ២០១៣។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា លោក​ Kerry នឹងបន្តដំណើរទៅកាន់ប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃនេះ បន្ទាប់ពីបញ្ចប់ជំនួបជាមួយលោក ហោ ណាំហុង លោក John Kerry នឹងបន្តចូលជួបសម្តែងការគួរសម និងសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅម៉ោប្រមាណ ១០ព្រឹកនាវិមានសន្តិភាព។

ក្រៅពីជួបប្រមុខរាជរដ្ឋាភិបាល​ និងប្រមុខការទូតកម្ពុជា លោក John Kerry ក៏នឹងចូលពិភាក្សាការងារជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ព្រមទាំងជួបស្តាប់មតិយោបល់ របស់មន្រ្តីអង្គការសង្គមស៊ីវិល ក្រៅរដ្ឋាភិបាលផងដែរ។

កម្ពុជា-អាមេរិក បានភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ ក្រោយពេលកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង។ តែទំនាក់ទំនងកម្ពុជា-អាមេរិក ហាក់លិចអណ្តែតមិនទៀងទាត់ និងបានកាត់ផ្តាច់ទំនាក់ទំនងទៅវិញនៅក្នុងឆ្នាំ១៩៦៥ ហើយបានភ្ជាប់មកវិញ នៅឆ្នាំ១៩៦៩ រហូតដល់ឆ្នាំ១៩៧៥ នៅក្នុងរបបសាធារណរដ្ឋ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ដែលជារបបមួយទំនាក់ទំនងស្អិតល្មត់រវាងកម្ពុជា-អាមេរិក។

ទំនាក់ទំនងកម្ពុជា-អាមេរិក ត្រូវបានកាត់ផ្តាច់ជាថ្មីម្តងទៀត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត (១៩៧៥-១៩៧៩)។ កម្ពុជា និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមមានទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ៧ មករា ឆ្នាំ១៩៧៩ និងក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងឈានទៅដល់បង្កើតស្ថានទូតនៅឆ្នាំឆ្នាំ១៩៩៤។

តាមរយៈទំនាក់ទំនងនេះ អាមេរិក បានក្លាយជាទីផ្សារដ៏ធំមួយ សម្រាប់ទំនិញរបស់កម្ពុជា និងបានផ្តល់ជំនួយជាច្រើនផងដែរ សម្រាប់ការអភិវឌ្ឍ និងស្តារប្រទេសកម្ពុជា នៅក្រោយការបញ្ចប់សង្រ្គាម តែជំនួយរបស់អាមេរិក តែងភ្ជាប់ជានិច្ចជាមួយលក្ខខណ្ឌពង្រឹងប្រជាធិបតេយ្យ សិទ្ធិសេរីភាព នៃការបញ្ចេញមតិជាដើម។

តាមរយៈដំណើរទស្សនកិច្ចរបស់លោក John Kerry នាំឲ្យអ្នកវិភាគមើលឃើញថា ទំនាក់ទំនងកម្ពុជា-អាមេរិក អាចនឹងត្រូវជំរុញឡើងមួយកម្រិតទៀត​ គ្រាដែលអាមេរិក មើលឃើញពីតួនាទីសំខាន់របស់កម្ពុជា ក្នុងក្របខណ្ឌជាសមាជិកអាស៊ាន ដើម្បីរួមចំណែកបើកផ្លូវឲ្យអាមេរិក មានវត្តមានកាន់តែរឹងមាំនៅក្នុងតំបន់អាស៊ី-អាគ្នេយ៍៕