(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឧបត្ថម្ភដោយ មូលនិធិ ស.អ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២០ (Cambodia ICT Awards 2020) និងពានរង្វាន់ស្ដ្រីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា ឆ្នាំ២០២០ (Cambodian Women in Tech Award 202)។
កម្មវិធីទាំងពីរខាងលើ គឺជាកម្មវិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់ជាតិធំជាងគេបំផុត ដើម្បីទទួលស្គាល់សមិទ្ធផលជោគជ័យ និងស្នាដៃ នវានុវត្តន៍ ក្នុងចំណោមសហគ្រិនក្នុងវិស័យបច្ចេកវិទ្យា និងជំរុញស្ត្រីដែលទទួលបានជោគជ័យ ក្នុងអាជីពបច្ចេកវិទ្យា នៅកម្ពុជា។
ពិធីប្រគល់ពានរង្វាន់នេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលរៀបចំនៅទីស្ដីការ ក្រសួងប្រៃសណីយ៍។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នេះ លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ពាន់រង្វាន់ទាំងពីរប្រភេទនេះ ត្រូវបានផ្តល់ជូនដើម្បីគាំទ្រ និងជំរុញបន្ថែម ដល់ភាពជោគជ័យ និងនវានុវត្តន៍របស់សហគ្រិន និងដើម្បីលើកទឹកចិត្តស្ត្រី ដែលជោគជ័យក្នុងអាជីព ក្នុងវិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា។
លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ទៀតថា ពានរង្វាន់នេះ នឹងជំរុញឲ្យធុរកិច្ចថ្មីឌីជីថលកម្ពុជា អាចពង្រីកខ្លួនទៅក្នុងឆាកតំបន់ និងឆាកអន្តរជាតិ ក៏ដូចជាបង្ហាញថា កម្ពុជាជាប្រទេសដែលទាក់ទាញ លើវិស័យបច្ចេកវិទ្យាក្នុងតំបន់អាស៊ាន។
ជ័យលាភីទាំង១០ នៃកម្មវិធីទាំងពីរ បានទៅក្រុមហ៊ុនស្ថាប័ន និងបេក្ខនារី ដូចខាងក្រោម៖
១៖ ពានរង្វាន់សេវារដ្ឋបាលអេឡិចត្រូនិកល្អបំផុតប្រចាំឆ្នាំ (Best E-Government Service Of The Year) បានទៅលើ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យ អង្គភាពច្រកចេញ ចូលតែមួយ (One Window Service Unit Service Delivery Management Information System)» ដែលជាប្រព័ន្ធស្វ័យប្រវត្តិកម្មទំនើបរបស់ក្រសួងមហាផ្ទៃ។
កម្មវិធីព័ត៌មានវិទ្យានេះ ត្រូវបានរៀបចំ និងគ្រប់គ្រងដោយអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងត្រូវបានអនុវត្តសាកល្បងមុនគេ នៅអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម។
តាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះ មន្ត្រីផ្ដល់សេវារបស់រដ្ឋបាលរាជធានី-ខេត្ត និងមានភាពងាយស្រួលក្នុងការកត់ត្រាសេវា ដែលប្រជាពលរដ្ឋ បានស្នើសុំចំណូលសេវា ដែលទទួលបានពីការផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងការរៀបចំរបាយការណ៍ វឌ្ឍនភាពជូនថ្នាក់ដឹកនាំ។
ទន្ទឹមនេះ ថ្នាក់ដឹកនាំរាជធានី-ខេត្ត អាចពិនិត្យ មើលជាប្រចាំលើស្ថានភាពនៃការផ្ដល់សេវា រដ្ឋបាល ក្នុងរាជធានី-ខេត្តសាមី ហើយប្រជាពលរដ្ឋមានលទ្ធភាព ពិនិត្យមើលចរន្តការ ឯកសារសេវាដែលខ្លួនបានស្នើសុំ ដោយខ្លួនឯងគ្រប់ពេលវេលា។
២៖ ពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Of The Year) បានទៅលើ «មជ្ឈមណ្ឌលបណ្តុះបណ្តាល DataU របស់ក្រុមហ៊ុន Mekong Big Data»។
មជ្ឈមណ្ឌលនេះ បណ្តុះបណ្តាលនិស្សិត លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ប.គ.ព) ក្នុងគោលបំណងដើម្បីអភិវឌ្ឍធនធានមនុស្ស លើជំនាញវិទ្យាសាស្ត្រ ទិន្នន័យ និងវិស្វកម្មទិន្នន័យប្រកបដោយសមត្ថភាពខ្ពស់ ដើម្បីផ្លាស់ប្ដូរមុខមាត់កម្ពុជា ឲ្យក្លាយទៅជាទីផ្សារវិទ្យាសាស្ត្រទិន្នន័យឈានមុខគេប្រចាំតំបន់។
ម្យ៉ាងវិញទៀតនិស្សិត ក៏ទទួលបានប្រាក់ខែក្នុងរយៈពេលបណ្តុះបណ្តាលមួយឆ្នាំពេញ និងទទួលបានកិច្ចសន្យាការងារ ជាមួយក្រុមហ៊ុនដៃគូរបស់ Mekong Big Data ក្រោយពីបញ្ចប់វគ្គ។
៣៖ ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content Of The Year) បានទៅ «រឿងនិទានតាឥសី (Ey Sey Storytime) របស់ក្រុមហ៊ុន Osja Studio»។
រឿងនិទាននេះ ជាបណ្ណាល័យឌីជីថលដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលមានបញ្ចូលរឿងព្រេងនិទានប្រជាប្រិយខ្មែរ ប្រមាណ៥០រឿង ហើយត្រូវបាន អភិវឌ្ឍន៍ជាហ្គេម។ រឿងទាំងអស់ត្រូវ បានជ្រើសរើសដោយយកចិត្តទុកដាក់ ពឹងផ្អែកលើសីលធម៌ និងតម្លៃអប់រំជាធំ។
ដោយឡែក ចំពោះរឿងណាដែលមានលក្ខណៈហិង្សា និងមិនសមរម្យ ត្រូវបានកែតម្រូវខ្លឹមសារ ឲ្យស្របទៅតាមបរិបទរបស់កុមារចន្លោះអាយុពី១ឆ្នាំ ទៅ៦ឆ្នាំដោយរក្សាចំណុចសំខាន់ នៃរឿងនោះឲ្យនៅដដែល។
៤៖ ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D Of The Year) បានទៅ «Smart Valve and Smart Pump» ដែលជាគម្រោង ស្រាវជ្រាវរបស់និស្សិតមួយក្រុមមកពីវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន វិទ្យាស្ថានបេច្ចកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
គម្រោងនេះ ជាដំណោះស្រាយបច្ចេកវិទ្យា អ៊ីនធឺណិតក្នុងវត្ថុ (Internet of things) លើវិស័យកសិកម្ម ដែលផ្តោតលើការគ្រប់គ្រង ប្រព័ន្ធធារាសាស្រ្ត ដោយប្រើប្រព័ន្ធ បញ្ជាស្រោចស្រពដំណាំពីចម្ងាយ តាមរយៈសារ SMS ទូរស័ព្ទ-ចល័ត និងកម្មវិធីស្មាតហ្វូន។
ការបង្កើតនេះ ដោយយោងទៅតាមសិក្សាស្រាវជ្រាវទៅលើកសិករចំនួន៥០នាក់ ដែលពួកគាត់ភាគច្រើនខ្វះខាតបច្ចេកទេស ស្រោចស្រពដំណាំ ដែលចំណាយពេល ពី៣ម៉ោង ទៅ៥ម៉ោងក្នុងការស្រោចស្រពដំណាំលើផ្ទៃដីទំហំ៣ហិកតា។ ម្យ៉ាងវិញទៀត ការស្រោចស្រពទឹករបស់ពួកគាត់ មិនមានប្រសិទ្ធភាពល្អ ដោយសារ បរិមាណទឹកដែលស្រោចស្រពអាចលើស ឬក៏ខ្វះពុំមាន ស្ថេរភាព ដែលជាផ្នែកមួយបណ្ដាល ឲ្យទិន្នផលធ្លាក់ចុះ។
៥៖ ពានរង្វាន់ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ច បច្ចេកវិទ្យាល្អបំផុតប្រចាំឆ្នាំ (Best Tech Startup Of The Year) បានទៅ «Sala Enrollment របស់ក្រុមហ៊ុនផ្ដួចផ្ដើមធុរៈកិច្ច SALA»។ Sala Enrollment ជាវេទិកាអនឡាញពិសេសមួយ ដែលអនុញ្ញាតឲ្យសិស្សានុសិស្ស ដែលទើបបញ្ចប់ថ្នាក់ទី១២ អាចស្វែងរកព័ត៌មានលម្អិត អំពីសាកល វិទ្យាល័យថ្លៃសិក្សារបស់មុខជំនាញនីមួយៗ និងដំណឹងអាហាររូបករណ៍។ ប្រព័ន្ធនេះ អនុញ្ញាតឲ្យសិស្សអាចចុះឈ្មោះតាមអនឡាញ ដោយផ្ទាល់តែម្ដង។
៦៖ ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ក្នុងវិស័យបច្ចេកវិទ្យា (Cambodia Woman Entrepreneur Award) បានទៅ «លោកស្រី គង់ សូរីតា ជាស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន Ocean Technology Co.,Ltd.» ដែលជាក្រុមហ៊ុននាំចូលផលិតផល GPS គ្រប់ប្រភេទមកកាន់ប្រទេសកម្ពុជា។
លោកស្រី គឺជាសហគ្រិន ស្ត្រីកម្ពុជាវ័យក្មេងដែលជោគជ័យ និងលេចធ្លោ ក្នុងវិស័យពាណិជ្ជកម្មដែលទទួលបានពានរង្វាន់ជាច្រើន ទាំងក្នុងនិងក្រៅប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នលោកស្រី ជាទីប្រឹក្សាក្រសួងកិច្ចការនារី ខាងផ្នែកសេដ្ឋកិច្ចផងដែរ។
លោកស្រីបានធ្វើការផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងបណ្តុះបណ្ដាល ជំនាញទន់ដល់យុវតីកម្ពុជាជាច្រើន តាមរយៈសិក្ខាសាលា ការផ្តល់មតិយោបល់ និងវគ្គបណ្តុះបណ្ដាលផ្សេងៗ។ លោកស្រី សូរីតា ក៏បានវិនិយោគក្នុងការនិពន្ធសៀវភៅដោយខ្លួនឯងចំនួន២ គឺ «Leading Ladies» និង «Dare to Dream» ដើម្បីបណ្តុះគំនិតក្នុងការអានដល់យុវជនជំនាន់ក្រោយផងដែរ។
៧៖ ពានរង្វាន់វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodia Woman ICT Engineer Award) បានទៅ «លោកស្រីបណ្ឌិត ព្រហ្ម សុភា ជាប្រធានផ្នែកផលិតផល នៃក្រុមហ៊ុន Soramitsu Khmer Co.,Ltd.»។ លោកស្រីបណ្ឌិត គឺជាស្រ្តីខ្មែរដំបូង ដែលទទួលបានសញ្ញាប័ត្របណ្ឌិតខាងផ្នែក Data Analytics and AI នៅឆ្នាំ២០១៣ពីសកលវិទ្យាល័យ La Rochelle នៃប្រទេសបារាំង និងមានបទពិសោធន៍ក្នុងការធ្វើការស្រាវជ្រាវលើផ្នែក AI (Artificial Intelligence) អស់រយៈពេល ជាង១០ឆ្នាំមកហើយ។
លោកស្រី បានសម្រេចសមិទ្ធិផលជាច្រើនលើកិច្ចការស្រាវជ្រាវលើវិស័យបច្ចេក វិទ្យាដែលជាទុនមួយ ដ៏សំខាន់សម្រាប់និសិ្សត និងអ្នកស្រាវជ្រាវផ្សេងៗទៀត។
៨៖ ពានរង្វាន់ស្រ្តីដែលបានចូលរួមជំរុញ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម ឬសហគមន៍ (Cambodia Woman ICT For Community Award) បានទៅ «កញ្ញា ប៉ែន វនាត ជាសហស្ថាបនិក និងអគ្គនាយិកា នៃក្រុមហ៊ុន៦០៦ និងជាតំណាងថ្នាក់តំបន់របស់កម្មវិធី Technovation ប្រចាំប្រទេសកម្ពុជា»។
កញ្ញា មិនត្រឹមតែជា អ្នកសរសេរកម្មវិធីកុំព្យូទ័រដ៏ជំនាញនោះទេ កញ្ញាក៏ជាអ្នកជួយអភិវឌ្ឍន៍ ដល់សហគមន៍យ៉ាងសស្រាក់សស្រាំផងដែរ ខាងផ្នែកអប់រំ និងបច្ចេកវិទ្យា។ វនាត ក៏បានធ្វើការជាមួយយុវជន មួយក្រុមក្នុងការគ្រប់គ្រង យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម ជាភាសាខ្មែរ ដែលមានឈ្មោះថា Digital Noodle ដើម្បីលើកកម្ពស់ ការយល់ដឹង អំពីនិន្នាការបច្ចេកវិទ្យាដែលកំពុងរីកដុះដាល។
៩៖ ពានរង្វាន់ស្រ្តី ដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Contents Award) បានទៅ «កញ្ញា រិទ្ធី លំអរពេជ្រ ជាស្ថាបនិក និងអគ្គនាយិការបស់ ក្រុមសិល្បៈភ្លើងគុប» ដែលជាក្រុមមួយ បង្កើតឡើងដោយផ្តោតលើវប្បធម៌ និងប្រពៃណី។ លំអរពេជ្រ បានបង្កើតស្នាដៃវីដេអូឯកសារជាច្រើន ហើយថ្មីៗនេះ កញ្ញាត្រូវបានទទួលស្គាល់ទូទាំងប្រទេស នូវស្នាដៃវីដេអូ បែបស្នេហាយុវវ័យ។
ក្រៅពីនេះ លំអរពេជ្រ បានបង្កើតមាតិកាដែលមានប្រជាប្រិយភាពជាច្រើនដូចជាកម្មវិធី Love9, Shadow of the Shadow, និងបុណ្យភូមិជាដើម។
១០៖ ពានរង្វាន់ពន្លកថ្មី (Girl Innovator) បានទៅ «ប្អូនស្រី សែស វនសារ អាយុ១៨ឆ្នាំ បច្ចុប្បន្នជានិស្សិតនៅ Liger Leadership Academy»។ ប្អូនស្រីបានបង្កើត គម្រោង មួយឈ្មោះថា Solar Pi Project ដែលជាគម្រោងមួយប្រើសម្រាប់បង្រៀន សិស្សនៅតាមជនបទអំពីបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងនោះ មុខវិជ្ជា FreeCAD (3D Design) និង Scratch (កម្មវិធីសរសេរកូដ កុំព្យូទ័រ) ត្រូវបានដាក់បង្រៀន ដល់សិស្សនៅអនុវិទ្យាល័យចំនួនពីរ ក្នុងខេត្តតាកែវ។
តាមរយៈពានរង្វាន់នេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជាតិ នឹងរីកឈានទៅមុខមួយកម្រិត និងអាចតំណាងឲ្យប្រទេសកម្ពុជា នៅក្នុងឆាកតំបន់ និងអន្តរជាតិ ដើម្បីបង្ហាញ ពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងការផ្លាស់ប្តូរឌីជីថល (digital transformation) និងដើម្បីទាក់ទាញវិនិយោគិនមកប្រទេសរបស់យើង៕