(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះដកយកគំរូវិភាគនៅផ្សារកណ្តាល ស្ថិតក្នុងក្រុងប៉ោយប៉ែត ដែលមានបន្លែ ត្រី សាច់ ចំនួន ០៩គំរូ។
គំរូសម្រាប់វិភាគទាំង៨នោះ រួមមាន៖ សាច់ជ្រូក សាច់គោ សាច់មាន់ កោះមាន់ ផ្កាខាត់ណា មើមការ៉ុត ស្ពៃបូកគោ សណ្តែកគួរ និងស្ពៃប្រូខូលី ដើម្បីយកមកវិភាគនៅមន្ទីរពិសោធខ្នាតតូច ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីការពិនិត្យ ជាលទ្ធផលនៅក្នុងបន្លែ ចំនួន ០៥មុខ រកឃើញមានសំណល់ថ្នាំកសិកម្ម ប្រភេទ PY ក្នុងបន្លែចំនួន ០៤មុខ ក្នុងនោះមាន មើមការ៉ុតមកពីប្រទេសចិន ស្ពៃប្រូខូលី និងស្ពៃបូកគោ មកពីប្រទេសវៀតណាម និងសណ្តែកគួរ ដាំដុះក្នុងស្រុក។
ដោយឡែកនៅក្នុងផលិតផលសាច់សត្វចំនួន ៤មុខ ត្រូវបានវិភាគរកឃើញសារធាតុគីមីប្រភេទ Grow Promotor ឈ្មោះ Ractopamine មាននៅក្នុង សាច់មាន់ និងកោះមាន់ នាំចូលពីប្រទេសថៃ។ ចំណែកសាច់គោ និងសាច់ជ្រូក ពុំបានរកឃើញវត្តមានសារធាតុគីមីនោះទេ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន កបប ខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យដឹងថា ធាតុគីមីប្រភេទប្រភេទ Grow Promotor ឈ្មោះ Ractopamine បណ្តាលឱ្យប៉ះពាល់ដល់អ្នកបរិភោគ ធ្វើឱ្យមានអាការៈដូចជា៖ ឈឺក្បាល បេះដូងលោតញាប់ រមួលសាច់ដុំ។
ចំណែកឯសំណល់ថ្នាំកសិកម្មប្រភេទ PY អាចបណ្តាលឱ្យប៉ះពាល់ដល់ អ្នកបរិភោគ មានអាការៈដូចជា៖ ពិបាកដកដង្ហើម ក្អក ដង្ហើមខ្លី ហៀសំបោរ និងចុកទ្រូង ប្រសិនបើប៉ះពាល់ផ្ទាល់ទៅលើស្បែក ធ្វើឱ្យរលាករមាស់ស្បែក និងឡើងពងកន្ទួលលើស្បែក ក្នុងករណីធ្ងន់ធ្ងរ អាចប្រកាច់ សន្លប់បាត់បង់ស្មារតី និងបំផ្លាញភ្នាសកោសិកាប្រសាទ។
លោកបានផ្តាំដល់ស្ត្រីមេផ្ទះ សូមមេត្តាប្រុងប្រយ័ត្នមុននឹងទិញបន្លែ សាច់ គ្រប់ប្រភេទ ពិនិត្យឲ្យបានល្អិតល្អន់ ដើម្បីកុំឲ្យប៉ះពាល់សុខមាភាព៕