(កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែយកចិត្តទុក្ខដាក់ខ្វល់ខ្វាយ និងស្វះស្វែងក្នុងការជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋ។
ជាក់ស្តែងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ សម្រាលការលំបាកផ្នែកជីវភាព ក្នុងស្ថានភាពជំងឺកូវីដ-១៩ ដល់ពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៣៦៧គ្រួសារ (ជនជាតិខ្មែរ-ឥស្លាម ចំនួន៥០គ្រួសារ) រស់នៅស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជាសម្តេច មិនបានអញ្ជើញដោយផ្ទាល់ ក៏សម្តេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ពីជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ។
ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវ ឆ្លងយ៉ាងឆាប់រហ័ស ដែលពិភពលោកពុំទាន់រកឃើញនូវវ៉ាក់សាំងការពារ និងថ្នាំព្យាបាលនៅឡើយទេ។
លើសពីនោះ ពិភពលោកទាំងមូលបាន និងកំពុង រិះរកគ្រប់មធ្យោបាយដើម្បីទប់ស្កាត់វីរុសកូវីដ-១៩នេះ។ សម្រាប់កម្ពុជាយើង បានដាក់ចេញនូវវិធានការភ្លាមៗយ៉ាងច្បាស់លាស់ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យខានតែបានការឆ្លងរាលដាលនៅក្នុងសហគមន៍ ទទួលបានជោគជ័យលើការព្យាបាលមានប្រសិទ្ធភាព ដោយគ្មានអ្នកស្លាប់ និងមានអ្នកជាសះស្បើយជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការនានារបស់ ក្រសួងសុខាភិបាល និងត្រូវបង្កើនការយល់ដឹងអំពីសារសំខាន់នៃការធ្វើចត្តាឡីស័ក ចំពោះអ្នកចំណូលស្រុក ការរក្សាគំលាតសង្គម ការរក្សាអនាម័យ ការបរិភោគស្អាត និងត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ជាពិសេសជៀសវាងការព្យាបាល ឬប្រើប្រាស់ឱសថដោយខ្លួនឯង ដែលអាចនាំផលប៉ះពាល់ដល់ជីវិត។
បន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ន ពីជំងឺគ្រុនឈាម នារដូវវស្សានេះ ជាពិសេសការកើតឡើងវិញ នូវជំងឺគ្រុនឈីក (CHIK) ខណៈជំងឺនេះបានរាលដាលដល់១៥ខេត្តហើយនៅកម្ពុជា ដែលអាចជាបញ្ហាសុខភាពសាធាណៈមួយទៀត ដែលប្រឈមទៅនឹងហានិភ័យ ឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយទៀតជាដើម តាមរយៈមូសខ្លាញី។
លោកស្រីបានអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេស ត្រូវរួមគ្នាសម្អាតលំនៅឋានឲ្យបានស្អាតជានិច្ច ជាពិសេសលុបបំបាត់នូវជម្រកមូសខ្លាញី ដែលអាចពងបាន នៅកន្លែងដែលមានទឹកដក់ថ្លា ដូចជា នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ ពាងទឹក ឬអាងទឹកជាដើម។
ជាមួយគ្នានេះ សូមប្រជាពលរដ្ឋចូលរួមអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងបន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ពិសេសចូលរួមលើកកម្ពស់វិស័យកសិកម្ម ដើម្បីបង្កើនការនាំចេញផលិតផលកសិកម្ម លើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ក្នុងស្ថានភាពកូវីដ-១៩នេះ ហើយរក្សាការរស់នៅជាមួយគ្នាដោយភាព សុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព។
សូមជម្រាបថា ពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣៦៧គ្រួសារ (ជនជាតិខ្មែរ-ឥស្លាម ចំនួន៥០គ្រួសារ) រស់នៅស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងសាប៊ូ២ដុំ៕