(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានទទួលជួបប្រតិភូ ដែលអញ្ជើញ មកពីក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology ដែលដឹកនាំដោយលោកឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងគម្រោងវិនិយោគ លើការដាំដុះរុក្ខជាតិឱសថ។ ជំនួបនេះ ធ្វើឡើងនាទីស្ដីការក្រសួងកសិកម្ម។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះប្រតិភូដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ ហើយទស្សនកិច្ចនេះ ពិតជាមានសារសំខាន់ ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងឲ្យកាន់តែរឹងមាំ និងស្ថិតស្ថិរយូអង្វែងថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ វាជាចំណែកមួយក្នុងការត្រួសត្រាយ បើកផ្លូវឲ្យប្រទេសទាំងពីរ ឈានទៅធ្វើពាណិជ្ជកម្មដោយសេរី ក្នុងពេលឆាប់ៗខាងមុខ។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានជម្រាបប្រតិភូផងដែរ អំពីទំហំនៃការនាំចេញកសិផលកម្ពុជា នាពេលកន្លងមកដូចជាអង្ករ ចំណិតដំឡូងមីក្រៀម ចេកអំបូងលឿងស្រស់ គ្រាប់ ស្វាយចន្ទី និងដំណាប់ស្វាយ -ល-។ ជាងនេះទៅទៀត មុនទំនិញមួយចំនួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការ ជាមួយរដ្ឋបាលគយចិន រៀបចំពិធីសារ ដើម្បីឈានទៅធ្វើការនាំចេញ ទៅកាន់ទីផ្សារចិន នាពេលអនាគត។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងការស្វាគមន៍ចំពោះបំណង វិនិយោគបង្កើតវិទ្យាស្ថានស្រាជ្រាវ ដាំដុះ ធ្វើការចំរាញ់រុក្ខជាតិឱសថនៅកម្ពុជា សំដៅចូលរួមប្រើប្រាស់វត្ថុធាតុដើម បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូល កាត់បន្ថយបរិមាណនាំចូល។
លោកឧកញ៉ា ឆាវ អ៊ីនទ័រ ក្នុងនាមប្រតិភូ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួបប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។ លោកឧកញ៉ា បានបញ្ជាក់ថា សមិទ្ធផលនេះ ពិតជាបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោងរវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរ ដូចដែលលោករដ្ឋមន្ត្រី បានលើកឡើងខាងលើ។
លោកប្រធានប្រតិភូ បានជម្រាបអំពីគោលបំណងសំខាន់ នៃជំនួបនាពេលនេះ គឺដើម្បីស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កើតរោងចក្រចំរាញ់រុក្ខជាតិឱសថ និងស្វែងរកផ្ទៃដីដំដុះរុក្ខជាតិឱសថនេះ ដែលគម្រោងនេះ ត្រូវបានការគាំទ្រថវិកា ពីរដ្ឋាភិបាលចិន។
ទទួលបានព័ត៌មានខាងលើ លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងការស្វាគមន៍ និងគាំទ្រ ចំពោះគម្រោងវិនិយោគដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថាន និងរោងចក្រចំរាញ់រុក្ខជាតិឱសថនៅកម្ពុជា នាពេលអនាគត។ លោករដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនភ្ញៀវថា គម្រោងដ៏មានសារសំខាន់នេះ ពិតជាចូលរួមចំណែកកាត់បន្ថយបរិមាណ នាំចូលឱសថនាពេលអនាគត។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រី វេង សាខុន ក៏បានណែនាំឲ្យក្រុមហ៊ុនសិក្សា ឲ្យបានច្បាស់លាស់អំពីទីតាំង និងទំហំផ្ទៃដីដាំដុះរុក្ខជាតិឱសថនេះ និងជាពិសេស ដោយសារគម្រោងវិនិយោគនេះ ត្រូវបានការគាំទ្រពីរាជរដ្ឋាភិបាលចិន។
លោករដ្ឋមន្ត្រី វេង សាខុន បានស្នើសុំឲ្យក្រុមហ៊ុន ធ្វើការទំនាក់ទំនង ជាមួយស្ថានទូតចិននៅកម្ពុជា ដើម្បីទទួលបានកំណត់ទូតច្បាស់លាស់ ស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការផ្តល់កិច្ចសហការឲ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ។
លោករដ្ឋមន្ត្រី បានផ្តល់ក្តីសង្ឃឹម និងគាំទ្រចំពោះគម្រោងវិនិយោគនេះ និងបានស្នើឲ្យគណៈប្រតិភូ រៀបចំក្រុមការងារបច្ចេកទេស ដោយសហការ ជាមួយរដ្ឋបាល ព្រៃឈើ និងអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសិក្សាលើលទ្ធភាព នៃកិច្ចសហការជាមួយសហគមន៍ព្រៃឈើ សហគមន៍កសិកម្មក្នុងការដាំដុះ និងពិនិត្យលើក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ចមួយចំនួន ដែលមិនទាន់បានធ្វើការអភិវឌ្ឍ ដើម្បីធ្វើជាដៃគូ ហើយចាំបាច់ក្រុមហ៊ុន គួរតែរៀបចំផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ មុនឈាន ទៅរៀបចំឯកសារ MOU រួចចុះហត្ថលេខា ហើយត្រង់ចំណុះនេះ ភាគីចិនបានឯកភាពទាំងស្រុងថា នឹងយកសំណើ និងអនុសាសន៍របស់លោករដ្ឋមន្រ្តីទៅពិចារណា៕