(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយ ដើម្បបន្តដាក់ផែនការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស​ដែលកើតឡើងតាមមូលដ្ឋាន ដែលកិច្ចប្រជុំនេះ បានធ្វើឡើងក្រោយមានករណីបាញ់ប្លន់សម្លាប់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបណ្តាលឲ្យស្លាប់ម្នាក់កាលពីយប់មិញ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក សារ៉ាន កំសត់ បានប្រាប់អង្គភាព Fresh News ថា «នាយឧត្តមសេនីយ៍អគ្គ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ មួយចំនួនលើការពង្រឹង និងទប់ស្កាត់បទល្មើសដល់កម្លាំងថ្នាក់ក្រោម ហើយក៏កើតមានឡើងក្រោយមានករណីប្លន់នៅខេត្តកណ្តាលកាលពីយប់មិញនោះដែរ»

សូមបញ្ជាក់ថាមាន ករណីប្លន់ប្រដាប់អាវុធ​មួយបានកើតឡើងកាលពីយប់មិញនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកណ្តាលស្ទឹង បង្កឡើងដោយក្រុមចោរមានគ្នា៣នាក់ ប្រើប្រាស់កាំភ្លើងខ្លីមួយដើម និងកាំភ្លើងវែងមួយដើម និងទ្រព្យសម្បត្តិអស់ប្រមាណ៖ ១. ផ្លាកទីន០៤ជី (ចិញ្ចៀនផ្លាក ក្រវិលមាស១គូរ), ២.ប្រាក់ដុល្លារ ២.៦០០ដុល្លារ, ៣៖ មាស សរុប ៥.៥ តម្លឹង និង៤.ប្រាក់២០ម៉ឺនរៀល។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះមានចំនួន ៣នាក់៖
១.ឈ្មោះ ធួក ថៅវរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ (ស្លាប់) ពេលមកដល់មន្ទីរពេទ្យ។
២.ឈ្មោះ សុខ ចន្ធូ ភេទស្រីអាយុ៥២ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ (របួសភ្លៅ) ស្រាល។
៣.ឈ្មោះ ឡាយ ធារ៉ាភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ (របួសជើង) ស្រាល។
អ្នកទាំង៣នាក់ រស់នៅភូមិ ឃុំកើតហេតុ។

សមត្ថកិច្ចបានរៀបរាប់ថា​ នៅវេលាម៉ោងកើតហេតុ ខាងលើជនរងគ្រោះទាំង០៣នាក់រៀបចំហូបបាយល្ងាចនៅក្នុងបន្ទប់ក្រោមផ្ទះ ស្រាប់តែជនសង្ស័យ ០៣នាក់ខាងលើ បានចូលមកប្លន់​ទ្រព្យសម្បត្តិ​របស់ជនរងគ្រោះ ដោយបានបាញ់ជនរងគ្រោះ (ស្លាប់០១នាក់) ពេលបញ្ជូនទៅដល់ពេទ្យ និងរបួស០២ នាក់ ក្រោយធ្វើសកម្មភាព រួចជនសង្ស័យក៍រត់គេចខ្លួនអស់ ចំណែកជនរងគ្រោះ ត្រូវបានអ្នកភូមិដឹកបញ្ជូន​ទៅព្យាបាល​របួសនៅមន្ទីរពេទ្យទៅ៕

្ថ

មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល ចុះដល់កន្លែងកើតហេតុ