(កូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ី នៅព្រឹកថ្ងៃអង្គារ​នេះ បានឲ្យដឹងថា មានសាកសព​ចំនួន ១៣ត្រូវបានប្រទះឃើញនៅភាគខាងត្បួង នៃរដ្ឋ Johor បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា មានករណីលិចទូក​​មួយផ្ទុកដោយមនុស្សប្រមាណ ៣៥នាក់នេះបើយោងតាម ការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញ​ផ្សាយនៅថ្ងៃទី២៦ ខែមករា។

ប៉ូលិសបានបញ្ជាក់ថា សាកសព​ទាំងនោះត្រូវបានប្រទះឃើញ​នៅក្នុងឆ្នេរមួយកន្លែងក្បែរទីក្រុង Bandar Penawar។ លោក Rahmat Othman មេប៉ូលិសប្រចាំតំបន់បានបញ្ជាក់ថា មានទូកមួយមកពី​ប្រទេស​ឥណ្ឌូនេស៊ី ដោយដឹកជនចំណាកស្រុកខុសច្បាប់ ហើយបើតាមការប៉ាន់ប្រមាណ នៅលើទូកនោះមាន​មនុស្ស ៣៥នាក់។ អ្នកនាំពាក្យមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី បានបញ្ជាក់ថា សាកសព​ទាំង ១៣នាក់នោះ ត្រូវបាន​​ស្គាល់​អត្តសញ្ញាណ។

ឆ្មាំសមុទ្រ បានឲ្យដឹងថា ទូកដឹកជនភៀសខ្លួនខុសច្បាប់នោះ ប្រហែលជាលិចដោយសារតែបញ្ហាអាកាស​ធាតុ អាក្រក់៕