(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក John Kerry បាននិយាយថា ប្រទេសកម្ពុជាពេលនេះមានសក្តានុពល និងឱកាសយ៉ាងច្រើន សម្រាប់វិនិយោគិនអាមេរិក។ នេះបើតាមការផ្សព្វផ្សាយ នៅលើគេហទំព័រ សម្តេចតេជោ ហ៊ុន សែន។ នៅព្រឹកមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយយ លោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក (Secretary of State) ។

លោក John Kerry បានជំរាបជូនសម្ដេចតេជោ អំពីការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាមួយនឹងការីកចម្រើននេះ លោក John Kerry បានលើកឡើងថាកម្ពុជាមានសក្តានុពល និងឱកាសយ៉ាងច្រើន សម្រាប់វិនិយោគិនអាមេរិកមកវិនិយោគនៅកម្ពុជា ។

លោក Kerry បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងកកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ (UN) ទៅកាន់បណ្តាប្រទេសផ្សេងៗដើម្បីចូលរួមថែរក្សាសន្តិភាពពិភពលោក។ កម្ពុជាជាប្រទេសតូចមែនពិត តែការចូលរួមចំណែកខាងលើនេះ ពិតជាមានសារសំខាន់ណាស់ដល់ឥស្សរភាព និងសន្តិភាពពិភពលោក។

លោក Kerry ក៏បានជម្រាបជូន សម្តេចតេជោ ផងដែរថា លោកមកកាន់កម្ពុជានាពេលនេះគឺដើម្បីរិតចំណងមិត្រភាព និងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរអោយកាន់តែល្អ និងត្រៀមរៀបចំកិច្ចប្រជុំពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែ កុម្ភៈ ខាងមុខនេះ នៅរដ្ឋកាលីហ្វ័រញ៉ា (California, US)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក John Kerry និង រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រគល់មកវិញនូវ វត្ថុបុរាណរបស់កម្ពុជា កាលពីពេលកន្លងមក ហើយសម្តេចក៏បានស្នើសុំដល់អាមេរិកបន្តកិច្ចសហប្រតិបត្តិនេះជាបន្តទៀត ដែលជាគម្រូសម្រាប់ប្រទេសដទៃៗទៀត។

សម្តេចតេជោ ហ៊ុន សែន អរគុណសហរដ្ឋអាមេរិក ដែលបានជួយជ្រោមជ្រែងដល់កម្ពុជា នារយៈពេលកន្លងដែលជាការរួមចំណែក ដល់ដំណើរការរីកចម្រើនរបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានស្នើរដល់ភាគីអាមេរិក រួមគ្នាជំរុញពាណិជ្ជកម្មវិនិយោគរវាង ប្រទេសទាំងពីរឱ្យកាន់តែរីកចំរើនថែមទៀត ។ សម្តេចតេជោ បានសន្យាពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការជាមួយដៃគូអាមរិកក្នុង ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម គ្រប់យ៉ាងដើម្បីសុខសន្តិភាពនៃប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានសុំឱ្យភាគីអាមេរិកបន្តជួយដល់កម្ពុជាលើវិសសុខាភិបាល វិស័យអប់រំ ការដោះមីន និងជួយសម្រួលឱ្យកម្ពុជា នាំផលិតផលចេញទៅអាមេរិកដោយគ្មានកូតា និងមិនគិតពន្ធជាដើម ដែលកម្ពុជាធ្លាប់បានទទួលពីមុន (MFN)៕