(ភ្នំពេញ)៖ ស្នងការរងនគរបាល រាជធានីភ្នំពេញ លោក ប៊ន សំអាត នៅរសៀលថ្ងៃទី២៦ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញមុខ ជនសង្ស័យដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាពប្លន់ ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀន ចំនួន២៩នាក់ ព្រមទាំងថ្នាំញៀន១៣០កញ្ចប់ និងកាំភ្លើងខ្លី២ដើមផងដែរ។

លោក ប៊ន សំអាត បានបញ្ជាក់ថា «ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងរបស់យើងក្រោមការបញ្ជាផ្ទាល់ ពីលោកស្នងការ ចុះស្រាវជ្រាវ និងបង្ក្រាប បានជាបន្តបន្ទាប់នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦នេះ ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការនៅពេលនេះ»។

ស្នងការរងនគរបាលរូបនេះ ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចូលរួមសហការជាមួយកងកម្លាំងសមត្ថកិច្ចតាម មូលដ្ឋាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះដែលអាចកើតមានឡើង៕