(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌមានជ័យ បានសហការជាមួយសហភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានចុះផ្សព្វផ្សាយអប់រំ និងបាញ់ថ្នាំបំភាយបង្ការ និងទប់ស្កាត់នៃការរីករាលដាលនៃមេរោគ COVID-19 តាមផ្ទះជួល-បន្ទប់ជួលកម្មករ-កម្មការនី ចំនួន៥០០បន្ទប់ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យុទ្ធនាការនេះបានធ្វើឡើងក្រោមអធិបតីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី៣, លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិ កម្ពុជា, លោក ម៉ម ម៉ាលី ប្រធានលេខាធិការដ្ឋានកសាងគណបក្សកសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន រាជធានីភ្នំពេញ ដោយអមដំណើរពីសំណាក់ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស ក្នុងមូលដ្ឋានសង្កាត់ទាំង៧ លោក ចៅសង្កាត់ស្ទឹងមានជ័យទី៣ លោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់។
នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានផ្សព្វផ្សាយអប់រំឲ្យបងប្អូនកម្មករ-កម្មការិនី រៀបចំទុកដាក់វេចខ្ចប់ សំភារៈឲ្យបានត្រឹមត្រូវមុននិងក្រុមការងារធ្វើការបាញ់ថ្នាំ បំភាយ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ និងអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីតាមបន្ទប់ជួល ចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសម្ថតកិច្វអាជ្ញាធរដើម្បីទប់ ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រួមទាំងបានចែកជាសាប៊ូ ក្រមា មួយចំនួនជូនពួកគាត់ផងដែរ។
លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា ដោយសារស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃ ជំងឺកូវីដនៅបន្តកើតឡើង រដ្ឋបាលខណ្ឌបានចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋ តាមសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល និងបានចូលរួមចំណែកការពារទប់ស្កាត់ជាមួយរដ្ឋាភិបាលកម្ពុជា ដោយសហការជាមួយសភាសម្ពន្ធ័បន្តចុះបាញ់ថ្នាំបំភាយ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ តាមបន្ទប់ផ្ទះជួលកម្មករ ចំនួន ៥០០បន្ទប់ជួល និងលើកទី១ បានបាញ់ថ្នាំបំភាយ សម្លាប់មេរោគ នៅសង្កាត់ចាក់អង្រែក្រោម ចំនួន១០០បន្ទប់រួចមកហើយ និងបន្តចុះបាញ់ថ្នាំសម្លាប់មេរោគនេះអោយគ្រប់ទាំង ៧សង្កាត់ ក្នុងខណ្ឌមានជ័យតែម្តងផងដែរ។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានឲ្យដឹងថា ក្រុមសភាសម្ពន្ធ័សហជីពជាតិកម្ពុជារបស់លោក បានទទួលការអនុញ្ញាតពីសាលារាជធានីភ្នំពេញ និងទទួលការគាំទ្រពី រដ្ឋមន្រ្តីបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងកន្លងមកក្រុម NACC Team Against Covid-19 របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចុះអប់រំផ្សព្វផ្សាយ និងបានបាញ់ថ្នាំបំភាយសម្លាប់ មេរោគការពារការឆ្លងជំងឺ VOID-19 ជាច្រើនកន្លែងមកហើយតាមបណ្តាលខណ្ឌ នៅក្នុងរាជធានីភ្នំពេញ។
និយាយដោយឡែក ក្នុងខណ្ឌមានជ័យ ក្នុងថ្ងៃក៏ជាលើកទី២ហើយ ដែលក្រុមការងារបានចុះធ្វើយុទ្ឋនាការនៅ បាញ់ថ្នាំបំភាយទប់ស្កាត់កូនវិដនៅខណ្ឌមានជ័យ។ លោក សោម អូន បានពន្យល់បន្ថែមពីភាពប៉ះពាល់នៃការបាញ់ថ្នាំបំភាយ និងសូមឲ្យបងប្អូនកុំធ្វេសប្រហែសជាមួយជំងឺ COVID-19 និងមិនត្រូវភ្លេចអនុវត្តនូវ វិធានការណ៍ការពារ ដូចជា ការលាងដៃស្អាតជាប្រចាំ ការពាក់ម៉ាស់នៅទីប្រជុំជន និង ការប្រើគម្លាតសុវត្ថិភាពជាដើម។
សម្រាប់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ដែលបានសហការជាមូលដ្ឋានខណ្ឌមានជ័យ ចុះមកបាញ់ថ្នាំសម្លាប់ មេរោគនៅទឹក ដីខណ្ឌមានជ័យ នាពេលនេះ ដើម្បីធានាបាននូវសុខមាលភាពប្រជាពលរដ្ឋ ស្របតាមក្រសួងសុខាភិបាល និងគោលការណ៍ របស់រាជរដ្ឋាភិបាល។
លោកបានបន្ថែមថា នៅលើពិភពលោក និងនៅកម្ពុជា ជំងឺ COVID-19 នៅតែជាបញ្ហាគំរាមគំហែង ដោយពុំទាន់មានប្រទេសណារកវ៉ាក់សាំងឃើញឡើយ និងនៅមានហានិភ័យខ្ពស់ ហើយវាងាយនឹង អាចឆ្លងជាសហគមន៍ ប្រសិនជាយើងម្នាក់ៗ មិនបានយកចិត្តទុកដាក់អំពីវិធានការការពារ។ ដូចនេះយើងត្រូវចូលរួមប្រយុទ្ឋប្រឆាំងជម្ងឺនេះទាំងអស់គ្នា និង ត្រូវចូលរួមអនុវត្តវិធានការការពាររបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនបំផុតជាពិសេស ផ្តើមចេញពីការពារខ្លួនយើងគ្រប់ៗគ្នាតែម្តង៕