(កំពង់ស្ពឺ)៖ ម្ចាស់ភោជនីយដ្ឋាន KO-KAI ជនជាតិជប៉ុនលោក ARAI MOTOTAKA នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ តាមរយៈដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ និងក្រុមការងារ បានទទួលឈើចំនួន ១០ម៉ែត្រគូប ពីក្រសួងបរិស្ថានសម្រាប់ធ្វើហាងឡើងវិញ ដែលរងការខូចខាតដោយសារ តែរលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ កន្លងទៅ។
ភោជនីយដ្ឋាន KO-KAI របស់ជនជាតិ ជប៉ុនឈ្មោះ ARAI TOMOTAKA កាន់លិខិតឆ្លងដែនលេខ 12-1243-297 បានខូចខាតទាំងស្រុង ដោយសារការបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ មានការស្លាប់មនុស្ស និងខូតខាតទ្រព្យសម្បត្តិជាច្រើន កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកនេះ។
បច្ចុប្បន្ន ភោជនីយដ្ឋាន KO-KAI បាននឹងកំពុងរៀបចំសាងសង់ឡើងវិញនៅទីតាំងកន្លែងកើតហេតុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយមានការខ្វះខាតនូវឈើអារចំនួន ១០ម៉ែត្រគូប សម្រាប់ធ្វើជាមេជញ្ជាំង ក្តារ និងសសរ ដូចភ្ជាប់មកជាមួយបញ្ជីខ្នាតឈើ។
ក្នុងបរិបទនេះ ក្រសួងបរិស្ថានពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះឧបទ្ទេវហេតុដែល បានកើតឡើងកន្លងមក ដូច្នេះក្រសួងបរិស្ថានផ្តល់ជូនអំណោយចំពោះជនជាតិជប៉ុនឈ្មោះ ARAI TOMOTAKA កាន់លិខិតឆ្លងដែនលេខ TZ-1243-297 នូវឈើអារខាងលើ ដែលមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានធ្វើការដកហូតជាវត្ថុតាងនៃបទល្មើសធនធានធម្មជាតិ ហើយធ្វើការពិន័យអន្តរការណ៍តាមនីតិវិធីចប់សព្វគ្រប់៕