(ឧត្តរមានជ័យ)៖ ស្របពេលដែលទឹកភ្លៀងបានធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បានធ្វើឲ្យទឹកនៅស្ពានតាម៉ុកឫស្ពានអូរជីក ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង មានការហក់ឡើងខ្លាំងដល់កម្រិតត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ លោក ប៉ែន កុសល្យ អភិបាលខេត្ត និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បានចុះពិនិត្យស្ថានភាពជាក់ស្តែងទឹកនៅបឹងតាម៉ុក និងបានចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរលក់ត្រីផងដែរ។
នៅក្នុងឱកាសនោះលោកអភិបាលខេត្ត បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់បឹងតាម៉ុក ត្រូវមានការប្រុងប្រយ័ត្នជានិច្ចអំពីទ្រព្យសម្បត្តិផ្សេងៗ ហើយអ្វីដែលកាន់តែប្រុងប្រយ័ត្ន ថែមទៀតនោះ គឺត្រូវអប់រំណែនាំកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស ព្រោះទឹកនៅពេលនេះគឺកំពុងហូរខ្លាំង ប្រយ័ត្នមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា កម្ពស់ទឹកបឹងតាម៉ុកនៅថ្ងៃនេះ គឺមានកម្ពស់ ៣.៨១ម៉ែត្រ បើធៀបនិងថ្ងៃម្សិលមិញ គឺកម្ពស់ ៣.៩០ម៉ែត្រ បានន័យថាទឹកស្រកអស់ ០.៩ម៉ែត្រ ចំណែកកម្រិតត្រូវប្រកាសអាសន្ន គឺកម្ពស់៤.២០ម៉ែត្រ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវមានលក្ខណះប្រុងប្រយ័ត្នជានិច្ចទើបជាការប្រសើរ៕