(ព្រះសីហនុ)៖ ករណីជនជាតិចិន ដាក់ថ្នាំសណ្ដំដើម្បីបន្លំបោកលុយជនជាតិចិនដូចគ្នា ជាង៦ម៉ឺនដុល្លារ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ បំបែកបានដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនបានជនសង្ស័យ៤នាក់ រំដោះជនរងគ្រោះម្នាក់ផងដែរ នៅចំណុចហាងបាយ ជប៉ុន សណ្ឋាគារឃ្វីនកូ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០២ ខែសីហា ក្រោយទទួលពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញបានបើកការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទាំង៤នាក់ ដែលកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចាប់ខ្លួនេះ បានធ្វើសកម្មភាពដាក់ថ្នាំសណ្តំក្នុងស្រាបៀរ ឲ្យជនរងគ្រោះផឹក រួចបំភ័ន្តឲ្យជនរងគ្រោះវេលុយតាមវីឆាត ទៅគណនីជនសង្ស័យ អស់ទឹកប្រាក់ចំនួន ៦៤,៨៩០ដុល្លារ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ Lie Hua Sen ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរអ្នកសាងសង់ ស្នាក់នៅផ្ទះជួលជិតឧតុនិយម សង្កាត់៣ ក្រុងព្រះសីហនុ។ ដោយជនសង្ស័យទាំង៤នាក់ ទី១៖ឈ្មោះ Wang Bin អាយុ៣០ឆ្នាំ, ទី២៖ឈ្មោះ Li Zhi Shun អាយុ២១ឆ្នាំ, ទី៣៖ឈ្មោះ Zhou Wei You អាយុ៤៤ឆ្នាំ និងទី៤៖ឈ្មោះ Pei Quay អាយុ២៣ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ កំពុងឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្តតាមនីតិវិធី៕