(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ អមដោយមន្ត្រីជំនាញក្រោមឱវាទសាលារាជធានី នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះទៅពិនិត្យសំណង់ ការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹក ទួលគោកទី២ កំពុងសាងសង់បានប្រមាណ៣០% និងប្រឡាយបាក់ទូក កំពុងដំណើរការស្តារឡើងវិញ។

មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ពេលនេះការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកទួលគោកទី២ បានដំណើការចាក់បេតុង កម្រាលក្រោមតួស្ថានីយ៍ បណ្តោយ ១៧.៥ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ កម្រាស់ ០.៥ម៉ែត្រ បរិមាណបេតុង ១២០ម៉ែត្រគូប លទ្ធផលជារួមបានប្រមាណ៣០%ហើយ និងគ្រោងបញ្ចប់នៅអំឡុងខែឧសភា២០១៦នេះ ។

លោក សាំពិសិដ្ឋ នាយកមន្ទីរសាធារណការ បានបញ្ជាក់ថា ស្ថានីយ៏បូមទឹកទួលគោកទី២នេះ ត្រូវបំពាក់ម៉ូទ័របូមទឹកចំនួន៥គ្រឿង ដែលមានសមត្ថភាពបូម៥ម៉ែត្រគូបក្នុង១វិនាទី ។ ដោយប្រឡាយ អូរបាក់ទូក បានដំណើរការកាយស្តារ២ខែមកហើយ ដោយចាប់ពីផ្លូវទំនប់៧០ រហូតដល់ផ្លូវបូរីទួលសង្កែ ប្រវែង៣៧០០ម៉ែត្រ ទទឹងចាប់ពី១០ម៉ែត្រទៅ៥០ម៉ែត្រ បន្ទាប់ពីស្ថាបនារួចប្រពន្ធ័ទាំងពីរ ខាងលើនេះ អាចរំដោះទឹកចេញពីតំបន់ទួលគោក តំបន់ស្រះចក ដូនពេញ និងតំបន់ទួលសង្កែ ឬអាចនិយាយបានថា អាចរំដោះទឹកពីភាគខាងជើងរាជធានីភ្នំពេញតែម្តង ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការរៀបចំប្រព័ន្ឋប្រឡាយអូរបាក់ទូកនេះ ដែលជាប្រព័ន្ឋមួយ ដ៏មានសារសំខាន់សម្រាប់រំដោះទឹក នៅទីក្រុងភ្នំពេញ
ជាការពិតយើងបានជួបរង នូវផលប៉ះពាល់ជំនន់ទឹកភ្លៀង ជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ ។ បើតាមអ្នកបច្ចេកទេស ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រព័ន្ឋលូ ដើម្បីទឹកសំណល់ ចេញពីតាមផ្ទះ ជាមួយទឹកភ្លៀងចេញពី តំបន់ក្នុងក្រុង ។ យើងត្រូវពិនិត្យប្រព័ន្ឋ នាំទឹកនេះ តាមក្រវាត់ទាំង៣របស់ សាលារាជធានីភ្នំពេញ ។

លោកអភិបាលលើកឡើងទៀតថា មូលហេតុសំខាន់ ដែលធ្វើអោយលិច ទីក្រុងភ្នំពេញ គឺបណ្តាលមកពីប្រព័ន្ឋ ប្រឡាយទាំងអស់ តាមក្រវាត់ក្រុង ត្រូវរងការរំលោភដោយប្រជាជន ចាក់ដី លុបប្រឡាយ សង់លំនៅឋានរស់នៅ ហើយចោលសំរាមកកពេញប្រឡាយ ធ្វើអោយប្រព័ន្ឋប្រឡាយនេះ គ្មានលទ្ឋភាពនឹងនាំទឹកចេញបាន ។

ក្នុងឱកាសចុះពិនិត្យសកម្មភាព នៃការស្តារប្រឡាយអូរបាក់ទូកនេះ លោកអភិបាលរាជធានី បានបញ្ជាក់ជូនដល់ ក្រុមសារព័ត៌មានទៀតថា ឆ្លៀតនៅរដូវប្រាំងនេះ សាលារាជធានី ភ្នំពេញ បានយកចិត្តទុកដាក់នៅក្នុងការ ចាត់បញ្ជូនក្រុមបច្ចេកទេក អមដោយ គ្រឿងចក្រ ដើម្បីស្តារប្រឡាយអូរបាក់ ទូកនេះ ដែលប្រវែង ៣៧០០ម៉ែត្រ ដែលចេញពីផ្លូវ៧០ រហូតមកដល់ប្រឡាយអូរវែង ដោយយើងបានរក្សាទុកទំហំប្រឡាយពី ៣០ម៉ែត្រ ទៅ៦០ម៉ែត្រ ។ អីចឹងហើយបានប្រជា ពលរដ្ឋគាត់មិនបានគិតពីសារប្រយោជន៍នៃទំហំប្រឡាយនោះទេ គឺគាត់បានតសំយ៉ាប ដាក់បង្គន់ ឬមានអ្នកខ្លះទៀត សង់ដល់ខ្ទមតូចៗ ដើម្បីជួលទៀតផង ធ្វើអោយការប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់ការរៀបចំការស្តារ ប្រឡាយ  ។

លោកអភិបាលរាជធានីថ្លែងទៀតថា មិនមែនត្រឹមតែប្រឡាយបាក់ទូកនេះទេ នៅមានប្រឡាយស្ទឹងមានជ័យ បឹងសាឡាង ប្រឡាយបឹងត្របែក ក៏សាលារាជធានីបាននិងកំពុងស្តារ អោយទាន់នៅរដូវប្រាំងនេះ ។ ដោយឡែកការស្តារ ប្រឡាយអូរបាក់ទូក ប្រឡាយអូរវែងនេះ ក្រុមបច្ចេកទេស នៃមន្ទីរសាធារណការ ធ្វើការស្តារបានប្រមាណ ៤០ភាគរយហើយ ។ នៅក្នុងនោះក៏មានរងផលប៉ះពាល់បងប្អូនប្រជាពលរដ្ឋយើងខ្លះ ប៉ុន្តែបងប្អូននៅតាមដងប្រឡាយនេះ គាត់យល់ ហើយគាត់បានសហការ ជាមួយនឹងអាជ្ញាធរយើង នៅក្នុងការបើកផ្លូវនេះ ដើម្បីបានស្តារប្រឡាយ បានមួយចំហៀង។ ដោយឡែកក៏មានបងប្អូនប្រជាពលរដ្ឋ ២ទៅ៣គ្រួសារ ដែរ ដែលបានជំទាស់ ប៉ុន្តែអាជ្ញាធរ ត្រូវតែសម្រេចចិត្ត ដោយសារថា គាត់បានរំលោភយកផ្ទៃបឹង ផ្ទៃប្រឡាយ ដែលសាលារាជធានី បានអភិរក្សទុកយូរហើយ ពី ៣០ទៅ៦០ម៉ែត្រ ។ ប៉ុន្តែដោយមានការសម្របសម្រួលនោះ មិនមានអ្វីជាឧបសគ្គទៀតទេ ។

ពាក់ព័ន្ឋនឹងបងប្អូនប្រជាពលរដ្ឋ ចោទអាជ្ញាធរថា រំលោភលើពួកគាត់នោះ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បញ្ហានេះសាលារាជធានី ប្រគល់ភារកិច្ចទៅសាលាខណ្ឌប្ញស្សីកែវ ដើម្បីជួបពិភាក្សាដោះស្រាយជាមួយពួកគាត់ នៅថ្ងៃច័ន្ទ សប្តាហ៍ខាងមុខនេះ ។ ដោយលោកស្នើអោយបងប្អូនប្រជាពលរដ្ឋ បង្ហាញនូវឯកសារអីខ្លះ ទាក់ទងនឹងការគ្រប់គ្រងដីគាត់ មកសាលារាជធានីភ្នំពេញ ។ ប៉ុន្តែគាត់គ្មានឯកសារណាក្រៅពីការសង់រំលោភនៅ លើប្រឡាយនោះទេ ។

ជាមួយគ្នានេះ លោកអភិបាលរាជធានី ភ្នំពេញ បានអំពាវនាវដល់បងប្អូនដែលរស់តាមមាត់ប្រឡាយនេះថា ការធ្វើរបស់អាជ្ញាធរ មិនមែនដើម្បីផលប្រយោជន៍របស់បុគ្គលណាមួយទេ ជាផលប្រយោជន៍សាធារណៈ ។ កាលណាយើងធ្វើបានប្រឡាយអូរវែងនេះ វាមិនគ្រាន់រំដោះទឹកទីក្រុងភ្នំពេញ ប៉ុណ្ណោះទេ តែប្រឡសយនេះមានលទ្ឋភាព និងអន្តរាគមន៍ស្តារជារៀងរាល់ឆ្នាំ ហើយធ្វើអោយលំហូរទឹកនេះ កាត់បន្ថយការលិចលង់តំបន់ខាងជើងរាជធានី ហើយក៏អាចកាត់បន្ថយក្លិនឆួលអាក្រក់បាន នៅពេលទឹកហូរ តែបើទុកទឹកនេះ មិនអោយហូរ គឺអ្នកនៅជុំវិញនេះ នឹងរងផលប៉ះពាល់ បរិស្ថានធ្ងន់ធ្ងរណាស់ ។ មិនត្រឹមតែការស្តារប្រឡសយនោះទេ គឺនៅមានផ្លូវអមមាត់ប្រឡាយ សម្រាប់អន្តរាគមន័ ទី១យើងបានផ្លូវធ្វើចរាចរ ទី២ផ្លូវនេះ អាចសង្គ្តោះបងប្អូននៅពេលមានអគ្គិភ័យ ទី៣អាចសម្រួលដល់កូនសិស្សអោយមានភាពងាយទៅសាលារៀន ព្រោះសាលារាជធានីភ្នំពេញ នឹងចាក់បេតុងផ្លូវនេះរឹងមាំ សម្រាប់ការធ្វើចរាចរ បង្កើនផ្លូវថ្មី អោយបងប្អូនយើងទៀតផង ។

ទន្ទឹមនឹងនេះ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ប្រឡាយដោយ បង្ហាញភាពម៉ត់ចត់ថា បន្ទាប់ពីសាលារាជធានី និងមន្ទីរជំនាញ រៀបចំប្រឡាយ ធ្វើផ្លូវរួច ហើយដីដែលនៅសល់ពីតម្រូវការជាផលប្រយោជន៍សាធារណៈនេះ បងប្អូននឹងទទួលបានផលប្រយោជន៍ នៃការចូលរួមរបស់ បងប្អូនជាមួយសាលារាជធានីភ្នំពេញ ដោយតបស្នងទៅវិញ លោកនឹងធ្វើ ប័ណ្ណកម្មសិទ្ឋិជូនបងប្អូនស្របច្បាប់តែម្តង ។

ជាមួយគម្រោងស្តារប្រឡាយអូរបាក់ទូកនេះ លោក ប៉ា សុជាតិវង្ស បានថ្លែងថា នៅឆ្នាំ២០១៥ សាលារាជធានី បានធ្វើប្រព័ន្ឋលូក្នុងក្រុងបានប្រវែង ១១៧គីឡូម៉ែត្រ សុទ្ឋតែប្រព័ន្ឋខ្នាតចាប់ពី ១ម៉ែត្រ ដល់ ១,៥ម៉ែត្រ និងរហូតដល់ ១ម៉ែត្រកន្លះឌុបទៀតផង ។ នេះបានន័យថា នៅទីក្រុងភ្នំពេញ យើងអាចដោះស្រាយបញ្ហាគោលបានហើយ ហើយបញ្ហាទី២ដែល ប្រឡាយអូរបាក់ទូកកំពុងស្តារនេះ ទៀត យើងគិតថា ភ្នំពេញនឹងកាតើបន្ថយបានប្រមាណ ៦០ភាគរយ នៃការគំរាមកំហែងដល់ការលិចលង់ដោយទឹកភ្លៀង ។ អីចឹងហើយក្នុងផែនការរបស់សាលារាជធានីភ្នំពេញ អាចនិយាយបានថា លទ្ឋភាពឆ្លើយតបបាន ទាំងស្រុងពីការជន់លិចនេះ  ៕