អត្តបទបកប្រែក្រៅផ្លូវការ ពីគេហទំព័រក្រសួងការបរទេស សហរដ្ឋអាមេរិក, (ភ្នំពេញ)៖ សាយ័ន្តសួស្តីអ្នកទាំងអស់គ្នា ! ខ្ញុំពិតជាមានក្តីសោមនរីករាយជាខ្លាំង ក្នុងការវិលត្រឡប់​មកកាន់រាជធានីភ្នំពេញសារជាថ្មី ក្នុងនាមជារដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិកជាលើកដំបូង។ យ៉ាងនេះក្តី ខ្ញុំក៏ធ្លាប់​ធ្វើដំណើរ​មកកាន់ប្រទេស កម្ពុជា កាលពីរយៈពេលប៉ុន្មានឆ្នាំមុន ក្នុងលក្ខណៈជាឯកជនផងដែរ។ ខ្ញុំពិតជាមានក្តីរីករាយជាខ្លាំង សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋាភិបាលកម្ពុជា និងការធ្វើជាដៃគូ ដើម្បីដោះស្រាយបញ្ហា​រួមគ្នា ដែលយើងធ្លាប់បានជួបប្រទះនាពេលកន្លងមក។

កាលពីប៉ុន្មានឆ្នាំមុន គឺក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៩០ ខ្ញុំធ្លាប់បានធ្វើដំណើរមកកាន់​ប្រទេសកម្ពុជាជាច្រើនលើកផងដែរ ក្នុងនាមជាសមាជិក​នៃគណកម្មាធិការទំនាក់ទំនង ការបរទេស សភាសហរដ្ឋអាមេរិក ក្នុងគោលបំណងជួយស្វែងរកមធ្យោបាយដើម្បីឲ្យ មេដឹកខ្មែរក្រហមទទួលខុសត្រូវចំពោះ​ការស្លាប់បាត់បង់ជីវិត​មនុស្ស អស់ជិតពីរលាននាក់។ ​

នៅក្នុងពេលនោះ ខ្ញុំបានធ្វើការរួមគ្នាជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីបង្កើតរចនាសម្ព័ន្ធអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា។ ហើយនៅបំផុតអាចឲ្យយើងស្វែងដំណោះស្រាយទៅលើភាពជាប់គាំង ក្នុងស្វែងរកអ្នកទទួលខុសត្រូវ​ចំពោះបទឧក្រិដ្ឋក្នុងសម័យប៉ុលពត។ យ៉ាងនេះក្តីមិនមែនមានន័យថា ជនបង្កគ្រប់រូបសុទ្ធតែ​បានទទួលខុសត្រូវ​ចំពោះមុខតុលាការទៅលើបទឧក្រិដ្ឋទាំងនោះឡើយ។

ជាក់ស្តែងលោក ប៉ុលពត និងបុគ្គលសំខាន់ៗជាច្រើនរូបបានស្លាប់បាត់បង់ជីវិត តាំងពីមុន​កាត់ទោសទៅទៀត។ ប៉ុន្តែសម្រាប់អ្នកដែលនៅរស់រានមាន ជីវិត និងកំពុងជាប់ឃុំឃាំងក្នុងពេលបច្ចុប្បន្ន នឹងទទួលខុសត្រូវចំពោះបញ្ហានេះ។

ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលវិលត្រឡប់មកទីនេះម្តងទៀតក្នុងឆ្នាំ២០១៦នេះ ដោយកម្ពុជាបច្ចុប្បន្ន បានក្លាយជាប្រទេសមួយ ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើន អាចរំដោះខ្លួនចេញពីស្ថានភាពលំបាក ដោយកាលពីមុន ពួកគេអាចប្រាក់ចំណូលបានទាបបំផុត។

គួររំលឹកថា ខណៈដែលខ្ញុំធ្វើដំណើរមកទីនេះជាលើកដំបូង រាជធានីភ្នំពេញ​មានប្រជាពលរដ្ឋប្រមាណត្រឹមតែ ​៣៥០ពាន់នាក់ប៉ុណ្ណោះ ស្ថានភាព សេដ្ឋកិច្ច ស្ថិតក្នុងភាពលំបាកដោយសារសង្គ្រាមរ៉ាំរ៉ៃ។ តែបច្ចុប្បន្ន ភ្នំពេញមានប្រជាពលរដ្ឋរហូតដល់២,២លាននាក់ ទីក្រុងទាំងមូលពោរពេញ ដោយមន្ទីរពេទ្យទំនើបៗ អាគារខ្ពស់ៗ ថាមពលប្រើប្រាស់គ្រប់គ្រាន់ និងមានភ្ញៀវទេសចរណ៍ច្រើនសន្ធឹកសន្ធាប់មកទស្សនាកំសាន្ត។
ខ្ញុំក៏មានការភ្ញាក់ផ្អើលផងដែរ ​ចំពោះការវិវឌ្ឍ និងការបោះជំហានទៅមុខក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅក្នុងថ្ងៃនេះ (ថ្ងៃទី២៦ ខែមករា) ខ្ញុំបានធ្វើកិច្ចជំនួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេស ហោ ណាំហុង។ ជាមួយគ្នា្ននេះដែរ ខ្ញុំក៏បានជួបជាមួយ​លោក កឹម សុខា ដែលជាមន្រ្តីជាន់ខ្ពស់សំខាន់របស់បក្សប្រឆាំងផងដែរ។ ខ្ញុំក៏បានចំណាយពេលខ្លះជាមួយសមាជិកសង្គមស៊ីវិល ព្រមទាំងយុវជនកម្ពុជាដែលកំពុងបំពេញការងារយ៉ាងស្វាហាប់ ក្នុងបញ្ហាកំណែទម្រង់ដីធ្លី បរិស្ថាន ថាមពលការទប់ស្កាត់ការកាប់បំផ្លាញ ព្រៃឈើជាដើម។ ហើយរាល់កិច្ចជំនួបទាំងនេះ ខ្ញុំបានបញ្ជាក់អះអាងយ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិក នឹងប្តេជ្ញាបន្តទំនាក់ទំនងជាមួយកម្ពុជា។

សហរដ្ឋអាម៉េរិកក៏សូមប្តេជ្ញាផងដែរថា នឹងកសាងទំនាក់ទំនងជាមួយកម្ពុជាក្នុងការកម្ពស់លើវិស័យនានាដូចជា ការអប់រំ សុខាភិបាល និងវប្បធម៌ជាដើម។

នៅព្រឹកមិញនេះ (ថ្ងៃទី២៦ ខែមករា) ខ្ញុំបានធ្វើទស្សនកិច្ចនៅសារៈមន្ទីរវប្បធម៌ជាតិ ដែលបានបង្ហាញនូវវត្ថុបុរាណមួយចំនួនដែលទើបតែបញ្ជូនត្រឡប់ មកពីសហរដ្ឋអាម៉េរិក។ សារៈមន្ទីរជាតិ ជា​ទ្រព្យសម្បត្តិ និងធនធានដ៏មានតម្លៃ ដែលអាចពណ៌នាអំពី​រឿងរ៉ាវនៃការវិវឌ្ឍន៍របស់ មនុស្សជាតិក្នុងសម័យប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយរបស់ពិភពលោក។ ផ្តោតទៅលើបញ្ហាប្រជាធិបតេ្យវិញ សហរដ្ឋអាម៉េរិក ក៏ដូចជាពិភពលោកទាំងមូលសង្ឃឹមថា កម្ពុជានឹងបានស្គាល់ច្បាស់ពីអត្ថប្រយោជន៍ នៃ​ការរីកចម្រើនទៅមុខនៃលទ្ធិប្រជាធិបតេយ្យ។

បច្ចុប្បន្នរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន កំពុង​ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើ​ការគោរពសិទ្ធមនុស្ស សេរីភាព និងភាពជាអ្នកដឹកនាំល្អ។ ​ការបោះជំហានទៅមុខ​ក្នុងផ្នែកនីមួយៗខាងលើ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយក៏ជាក្តីសង្ឃឹម និងបំណងប្រាថ្នា​របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ ថ្ងៃនេះ ខ្ញុំក៏បានធ្វើកិច្ចពិភាក្សាជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពី​ការស្វែងរកដំណោះស្រាយជាបន្ទាន់ដើម្បី​ឆ្លើយតប បញ្ហាភេរវកម្ម។ ភាគីទាំងពីរបានយល់ឃើញស្របគ្នាថា នេះគឺជា​បញ្ហាអទិភាពមួយក្នុងទំនាក់ទំនង​រវាងបណ្តាប្រទេសទាំងអស់លើពិភព លោកក្នុងពេលបច្ចុប្បន្ន។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមសម្ព័ន្ធមិត្តដែលកំពុង ធ្វើការរួមគ្នាដើម្បីទប់ទល់នឹង​ពួកឧទ្ទាម។ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញការ ស្វាគមន៍ចំពោះវត្តមានរបស់ក្រុមការងារ និងអ្នកជំនាញ សហរដ្ឋអាម៉េរិក មកកាន់កម្ពុជាដើម្បីបង្ហាញ និងផ្លាស់ប្តូរមតិយោបល់​លើបញ្ហានេះ។ សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជម្រុញយុទ្ធនាការទប់ទល់ភេរវករ តាមរយៈការលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំអាស៊ាន ហើយប្រធានាធិបតី​សហរដ្ឋអាម៉េរិក នឹងចូលរួមពិភាក្សាបញ្ហានេះឲ្យកាន់តែស៊ីជម្រៅថែមទៀតក្នុងពេលខាងមុខ។

មិនតែប៉ុណ្ណោះ សហរដ្ឋអាម៉េរិកក៏នឹងប្តេជ្ញាផងដែរ ក្នុងការអភិវឌ្ឍន៍​ទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរ។ កន្លងមកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា។ យើងមានទស្សនៈស្របគ្នាថា វាពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការមានដៃគូពាណិជ្ជកម្មជាច្រើន។ ខ្ញុំគិតថា វាជារឿងដ៏សំខាន់ ដែលសហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន។

ថ្មីៗនេះ យើងកំពុងត្រៀមរៀបចំកិច្ចចរចា​ដោយផ្តោតទៅលើ​បញ្ហាពាណិជ្ជកម្ម និងវិនិយោគទុន ដែលនឹងធ្វើឡើងនៅខែកុម្ភៈខាងមុខ។ យើងនឹងបន្ត​ស្វែងរកមធ្យោបាយដើម្បីលុបបំបាត់អំពើពុករលួយ និងពង្រឹង​ការគោរពច្បាប់ក្នុងប្រទេសកម្ពុជា ដែលវាក៏ជាផ្នែកមួយក្នុងការជម្រុញ វិស័យសេដ្ឋកិច្ចផងដែរ។

កន្លងមកសហរដ្ឋអាម៉េរិក បានធ្វើ​ការយ៉ាងជិតស្និតជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍​ វិស័យសុខាភិបាល និងស្បៀងអាហារ។ សហរដ្ឋអាមេរិក បានបញ្ជូន​ក្រុមអ្នកស្ម័គ្រចិត្ត​​ Peace Corps មកកាន់​ប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ យើងបានសហការណ៍គ្នាដើម្បីការអភិវឌ្ឍន៍ប្រកបដោយចេរភាព ទៅលើបញ្ហាទន្លេមេគង្គ។ ជាមួយគ្នានេះដែរ ក្រុមការងាររបស់យើងនឹងនៅតែ បន្តជួយស្វែងរក ​បណ្តាយោធាដែលបានបាត់ដំណឹងក្នុងសម័យសង្គ្រាមនៅវៀតណាម។ អ្វីដែលសំខាន់នោះគឺ​សំណល់ពីសង្គ្រាមដូចជា អាវុធយុទ្ធភ័ណ្ឌផ្សេងៗ បានបង្កក្តីបារម្ភជាខ្លាំងដល់ប្រជាពលរដ្ឋកម្ពុជា ដោយសារវានៅតែបន្តឆក់យកអាយុជីវិត ឬធ្វើឲ្យមនុស្សពិការអស់ ជាច្រើននាក់នាពេលកន្លងមក។ បញ្ហានេះ បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងរបៀបវីរៈរបស់សហរដ្ឋអាមេរិកសម្រាប់លើកយកមកពិភាក្សា ខណៈដែលបេសកកម្មរបស់យើងមិនទាន់រួចរាល់នៅឡើយ ហើយយើងនឹងបន្ត​ប្តេជ្ញាដោះស្រាយបញ្ហានេះ ក្នុងពេល​ណាមួយជាក់ជាមិនខាន។

ដោយហេតុនេះហើយ បានជា​សហរដ្ឋអាមេរិក បន្តធ្វើការសហការណ៍ជាមួយកម្ពុជា ដើម្បីបញ្ឈប់បញ្ហាទាំងនេះ និងដើម្បីស្វែងរក​អនាគតដ៏ល្អប្រសើរ ខុសស្រឡះពីសម័យសង្គ្រាម។ វាក៏ជាហេតុផលដែលជម្រុញសហរដ្ឋអាមេរិក បន្តធ្វើទំនាក់ទំនង​ជាមួយកម្ពុជា​អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងបានជម្រុញឲ្យភាគីទាំងពីរឲ្យប្រឹងប្រែងរួមគ្នាផងដែរ។

ជាចុងបញ្ចប់ ខ្ញុំសូមបញ្ជាក់អះអាងថា សហរដ្ឋអាមេរិកពិតជាមានមោទនភាពជាខ្លាំង​ក្នុងការដើរតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ហើយយើងមានបំណងចង់រក្សាទំនាក់ទំនងយ៉ាងស៊ីជម្រៅនេះ ជាបន្តទៀតក្នុងពេលអនាគត។ ហេតុនេះហើយបានជាខ្ញុំមានវត្ថមាននៅទីនេះ នៅក្នុងថ្ងៃនេះ។ ខ្ញុំគិតថានេះជាលើកទី៧ ឬទី៨ហើយ នៃដំណើរទស្សនកិច្ចនៅតំបន់នេះ​ក្នុងនាមជារដ្ឋមន្ត្រីការបរទេស សហរដ្ឋអាម៉េរិក ហើយវាក៏មិនមែនដំណើរទស្សនកិច្ចលើកចុងក្រោយ សម្រាប់ឆ្នាំ២០១៦នេះផងដែរ។

សហរដ្ឋអាមេរិក សូមប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តកិច្ចសហការណ៍ក្នុងភាពដៃគូជាមួយប្រទេស កម្ពុជា ក៏ដូចជាប្រទេសជាសមាជិកអាស៊ានទាំងអស់ លើបញ្ហាជាមូលដ្ឋានទាំងក្នុងថ្នាក់តំបន់ និងសកលលោក។ យើងនឹងបន្តធ្វើកិច្ចពិភាក្សាជាបន្តទៀត ដើម្បីបោះជំហានខាងមុខ ក្នុងគោលដៅកសាងទំនាក់ទំនងរួមគ្នា។ សូមថ្លែងអំណរគុណជាខ្លាំងចំពោះអ្នកទាំងអស់គ្នា។ សូមអគុណ។

«អត្តបទបកប្រែក្រៅផ្លូវការ ពីគេហទំព័រក្រសួងការបរទេស សហរដ្ឋអាមេរិក»

លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៥៖២០ល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ច សម្រេចតាមការគ្រោងទុករបស់ខ្លួន រយៈពេល២ថ្ងៃនៅកម្ពុជា៕