(ភ្នំពេញ)៖ ពលករខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរោងចក្រពេលកំពុងបំពេញការងារ ព្រោះតែពលករខ្មែរម្នាក់ទៀត ដែលធ្វើការជាមួយនោះបានលបសម្លាប់។ ករណីឃាតកម្មជារឿងមួយដ៏អាណោចអាធម និងមានការភ្ញាក់ផ្អើលខ្លាំង ដែលនាំឱ្យស្ថានទូតខ្មែរនៅប្រទេសកូរ៉េខាងត្បូងសោកស្តាយជាទីបំផុត។
ហេតការណ៍ឃាតកម្មកាប់សម្លាប់គ្នារវាងពលករខ្មែរដូចគ្នានេះ បានកើតឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្នុងរោងចក្រសិប្បកម្មមួយកន្លែងក្នុងទីក្រុងណាំយ៉ាងជូ ខេត្តខ្យង់គីដូ។ ជនរងគ្រោះមានឈ្មោះ ស៊ុ អួញ អាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមមនុស្សដែលស្គាល់គ្នាជាមួយជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានធ្វើការនៅប្រទេសកូរ៉េនេះពីរអាណត្តិហើយ ហើយនៅសល់ពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួន។ ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាមនុស្សស្លូតបូត ចិត្តល្អ មិនសូវជាមានបញ្ហាជាមួយអ្នកដទៃនោះទេ ហើយប្រឹងប្រែងធ្វើ និងទទួលបានការស្រឡាញ់ចូលចិត្តពីថៅកែផងដែរ រហូតដល់ពេលមកលេងស្រុកម្តងៗត្រូវថៅកែចេញសំបុត្រឱ្យថែមទៀតផង។
ព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានភរិយាជាអ្នកទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងផងដែរ ហើយទើបសម្រាលកូនបាន ៨ខែប៉ុណ្ណោះ។
ការឈានដល់ឃាតកម្មកាប់សម្លាប់គ្នា អ្នកដែលដឹងរឿងបានអះអាងថា កើតចេញពីចងគំនុំរបស់ឃាតកមកលើជនរងគ្រោះ ដែលទទួលបានការស្រឡាញ់ចូលចិត្តពីថៅកែច្រើនជាងខ្លួន ហើយធ្លាប់មានការចំអន់គ្នាលើរឿងនេះផងដែរពេលមានកម្មវិធីផឹកស៊ីជុំគ្នា។
ព័ត៌មានក៏បានឱ្យដឹងថា ជនសង្ស័យជាឃាតកក្នុងឃាតកម្មនេះ ត្រូវបានសមត្ថកិច្ចរបស់កូរ៉េខាងត្បូងឃាត់ខ្លួនបានហើយ ហើយបាននិងកំពុងសួរចម្លើយចាត់ចែងកាត់ទោសទៅតាមច្បាប់ផងដែរ។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានស្ថានទូតក៏បានចុះទៅតាមដាន និងចាត់ចែងសម្របសម្រួលបញ្ហា ហើយចេញលិខិតអនុញ្ញាតឱ្យមានការបូជាសពជនរងគ្រោះនៅថ្ងៃសុក្រ ទី១៤ ខែសីហា នេះហើយ។
លោកឯកអគ្គរាជទូត បានឱ្យដឹងទៀតថា ធាតុរបស់ជនរងគ្រោះ នឹងត្រូវភរិយានាំត្រឡប់មកកាន់ប្រទេសកម្ពុជានៅថ្ងៃចន្ទ សប្តាហ៍ក្រោយ។ លោកឯកអគ្គរាជទូត ក៏បានឱ្យដឹងផងដែរថា ដោយសារតែករណីគ្រោះថ្នាក់នេះមិនមែនជាករណីគ្រោះថ្នាក់ការងារដូច្នេះជនរងគ្រោះមិនទទួលបានសំណងអ្វីពីថៅកែនោះទេ។ ប៉ុន្តែដោយសារមនោសញ្ចេតនាក្តីអាណិតស្រឡាញ់របស់ថៅកែនោះ ថៅកែបានចេញថវិកាសម្រាប់ធ្វើបុណ្យ និងចេញថវិកាថ្លៃធ្វើដំណើររបស់ភារិយាក្នុងការយកធាតុត្រឡប់មកស្រុកកំណើតវិញផងដែរ។
លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា ករណីឃាតកម្មរបស់ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងធ្លាប់កើតមានផងដែរនាពេលកន្លងទៅ តែនៅកន្លែងជួបជុំផឹកស៊ីផ្សេងៗ តែមិនធ្លាប់កើតមាននៅកន្លែងធ្វើការបែបនេះឡើយ។ បើតាមលោក ឡុង ឌីម៉ង់ ករណីឃាតកម្មនេះនាំឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនៅក្នុងសហគមន៍របស់កូរ៉េផងដែរ។
ក្នុងនាមជាអ្នកតំណាងឱ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ លោក ឡុង ឌីម៉ង់ ក៏បានសម្តែងការសោកស្តាយជាខ្លាំងចំពោះករណីឃាតកម្មនេះ។ លោកបានថ្លែងថា ករណីឃាតកម្មនេះក៏នាំប៉ះពាល់ដល់កិត្តិយសរបស់ពលករខ្មែរ ដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រឹងប្រែងរក្សា ដើម្បីធានាបាននូវការងារក្នុងប្រទេសកូរ៉េខាងត្បូងជូនពលករខ្មែរនោះ។
លោក ឡុង ឌីម៉ង់ បានថ្លែងបញ្ជាក់ដូច្នេះ «មិនគួរណាខ្មែរ និងខ្មែរគ្នាឯងសម្លាប់គ្នានៅលើទឹកដីគេមួយ ដែលរាជរដ្ឋាភិបាល បានខិតខំធ្វើគោលនយោបាយ ក្នុងការបញ្ជូនពលករមកក្រៅប្រទេសនេះ ដើម្បីមកសិក្សារៀនសូត្រក្រេបជញ្ជក់នូវចំណេះវិជ្ជា និងបទពិសោធន៍បំពាក់បំប៉នជំនាញ ដើម្បីវិលទៅស្រុកវិញប្រទេសយើង មានធនធានមនុស្សមានជំនាញ ហើយគាត់មកកសាងជីវភាពចម្រើនដល់គ្រួសារគាត់ ដល់ខ្លួនគាត់ និងសង្គមជាតិផង។ ការដែលគាត់មកធ្វើបែបនេះ មិនត្រឹមតែបំផ្លាញនូវជីវិតរបស់គេមួយ គាត់បំផ្លាញអនាគតរបស់គាត់ខ្លួនឯងដែរ ហើយគាត់ចូលរួមបំផ្លាញនូវកេត្យានុភាពជាតិ ជាតិសាសន៍យើង ដែលកន្លងមកយើងតែងផ្សព្វផ្សាយអប់រំឱ្យមានការសាមគ្គីគ្នា ចេះជួយគ្នា ចេះស្រឡាញ់គ្នា ចេះការពារគ្នា ប៉ុន្តែនេះបែរជាសម្លាប់គ្នា»។
លោកឯកអគ្គរាជទូតក៏បានអំពាវនាវដល់ពលករខ្មែរនៅកូរ៉េខាងត្បូងផងដែរ កុំឱ្យមានការគុំកួនគ្នារហូតឈានទៅការកាប់សម្លាប់គ្នាបែបនេះ។ បើសិនជាតូចចិត្តរឿងថៅកែស្រឡាញ់អ្នកនេះជាងខ្លួនដូចករណីខាងលើ គឺត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ប្រឹងប្រែងធ្វើការ និងកសាងជីវភាពឱ្យកាន់តែប្រសើរ ដោយមិនគួរជ្រើសយកវិធីកាប់សម្លាប់គ្នាបំផ្លាញជីវិតគេ បំផ្លាញអនាគតខ្លួនឯង និងបំផ្លាញកិត្តិយសរបស់ជាតិខ្មែរនោះទេ។
លោក ឌីម៉ង់ បានអំពាវនាវដូច្នេះ «សូមបងប្អូនទាំងអស់មេត្តាកុំយកតម្រាប់តាម។ ផ្ទុយទៅវិញឃើញករណីនេះកើតហើយ ត្រូវតែបន្ថែមនូវទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន ស្នេហាជាតិសាសន៍ខ្មែរដូចគ្នាទៅវិញទៅមក និងការពារគ្នាទៅវិញទៅមកឱ្យរឹតតែរឹងមាំទៅមុខទៀត។ សូមឱ្យខិតខំ បើមានការឈឺចាប់ ការមិនសប្បាយចិត្តនៅកន្លែងធ្វើការ ត្រូវខិតខំយកការតូចចិត្តតូចថ្លើមហ្នឹងឱ្យទៅជាការខិតខំប្រឹងប្រែង ធ្វើខ្លួនឱ្យទៅជាមនុស្សល្អ កសាងសមត្ថភាពខ្លួនឯងឱ្យកាន់តែល្អ ពង្រឹងជីវភាព អភិវឌ្ឍន៍ជីវភាពខ្លួនឯងឱ្យកាន់តែល្អ ឱ្យឈ្នះអ្នកដែលខ្លួនបានច្រណែនហ្នឹងទៅ។ នេះជាភាពជោគជ័យខ្លួន មិនធ្វើឱ្យខូចកេត្យានុភាពជាតិ បំផ្លាញជីវិតគេ និងបំផ្លាញខ្លួនឯង»៕