(បន្ទាយមានជ័យ)៖ កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យម្នាក់ ដែលបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុង បណ្តាលឱ្យបាក់ដងសន្ទូចសង្កត់មនុស្សស្លាប់ និងរបួស៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតីវិធីច្បាប់។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទិ១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីបាក់ដងសន្ទូចគ្រឿងចក្របណ្ដាលឲ្យមនុស្សស្លាប់០៥នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន០៤នាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ករណីនេះបង្កឡើងដោយឈ្មោះ ពុធ លីវិន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើក គ្រឿងចក្រស្ទូចជញ្ជាំងបេតុងថ្ម ដើម្បីសាងសង់អគារផ្ទះល្វែងឱ្យក្រុមហ៊ុនបូរី ដឹផាកស៊ីធីប៉ោយប៉ែត ដែលមានការធ្វេសប្រហែសបណ្ដាលឱ្យគ្រឿងចក្រផ្ងាជើង ហើយដងសន្ទូច បានបាក់រលំសង្កត់បុរី និងផ្ទះប្រជាពលរដ្ឋដែលនៅជាប់របងបុរី បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរងបួស៤នាក់។
ជនរងគ្រោះដែលបាត់បង់ជីវិតទាំង៥នាក់ ក្នុងហេតុការណ៍នេះមានឈ្មោះទី១៖ ឈាន ហុង ភេទស្រី, ទី២៖ ឈ្មោះ យាយ ឡឹក ភេទស្រី, ទី៣៖ សេង មុយគា ភេទស្រី, ទី៤៖ ឈ្មោះ ចៅ លី ភេទស្រី និងទី៥៖ ឈ្មោះ ជឹម សុខណាក់ ភេទស្រី អាយុ២៩ឆ្នាំ។ ចំណែកជនរងគ្រោះទាំង៥នាក់រួមមានទី១៖ ឈ្មោះ សៅ រិទ្ធិ ភេទស្រី អាយុ៤១ឆ្នាំ របួសជើង, ទី២៖ ផល សុលីដា ៣០ឆ្នាំ បាក់ជើង, ទី៣៖ ឈ្មោះ ខាន់ ស្រីឌី ភេទស្រី និងទី៤៖ កា សុម៉ាមាន ភេទស្រី អាយុ ៣៧ឆ្នាំ របួសជើង។
ភ្លាមៗក្រោយពីទទួលបានព័ត៌មានភ្លាមលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ស្នងការនគរបាលខេត្ត និងមេបញ្ជាការអាវុធហត្ថ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍។
លោកអភិបាលខេត្តបានឲ្យដឹងថា ក្រោយពីកើតហេតុក្រុមការងារបានសង្រ្គោះនិងយកសាកសពចេញអស់ និងបានបញ្ជូនអ្នករបួសធ្ងន់ទៅព្យាបាលនៅមន្ទៅរពេទ្យខេត្ត២នាក់ របួសស្រាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត១ ចំនួន២នាក់ និងបានដឹកសពទៅកាន់គេហដ្ឋាន និងខេត្តកំពង់ចាមមួយផងដែរ ព្រមទាំងបានចូលបុណ្យសពផងដែរ៕