(សៀមរាប)៖ ព្រះសង្ឃ ពុទ្ធបរិស័ទ យាយជី តាជី ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់ សិស្សានុសិស្ស និងមហាជនសរុប ប្រមាណ ៥ពាន់នាក់ បានចូលរួមរំលែកមរណទុក្ខ និង ដង្ហែរសពឧបាសក ឈុន ហាក់ ឪពុកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប យកទៅបញ្ចុះ។

ក្នុងពិធីដង្ហែសពនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ អ្នកចូលរូមបានសម្ដែងក្តីក្រៀមក្រម ក្ដុកក្ដួល ចំពោះការបាត់បង់ឧបាសក ឈុន ហាក់ ដែលជាការបាត់បង់ឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ម្នាក់។

ឧបាសក ឈុន ហាក់ បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។ សពឧបាសក ឈុន ហាក់ ត្រូវបានតម្តល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅក្នុងបុរីសៀងណាំ២ ស្ថិតនៅភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប៕