(ក្រចេះ)៖ ក្រុមឆ្មាំទន្លេដែលដឹកនាំដោយលោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត និងជាប្រធានឆ្មាំទន្លេខេត្តក្រចេះ សហការជាមួយកម្លាំងយោធា ផ្នែកសឹករងស្រុកសំបូរ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ តាមអន្លង់អភិរក្សផ្សោត និងអន្លង់ត្រីមេពូជ រយៈពេល១យប់២ថ្ងៃ គឺថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០១៦នេះ តាមដងទន្លេក្នុងស្រុកសំបូរ។

លោក ម៉ុក ពន្លក បានបញ្ជាក់ថា «ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចចំរុះរបស់យើង បានចាប់ឃាត់ និងរឹបអូសវត្ថុតាងមួយចំនួនមានដូចជា ទូកម៉ាស៊ីនចំនួន០៧គ្រឿង មងក្រឡាធំពី១០សម ទៅ១៥សម ចំនួន៣៥ត្បូង មានប្រវែងសរុបប្រមាណ២៦៥០ម៉ែត្រ នៅចំណុចកន្ទុយកោះ អន្លង់កោះខ្ញែរ ឃុំអូរគ្រៀង និងចំណុចអន្លង់កណ្តុរ១០០ ក្នុងឃុំបឹងចារ ស្រុកសំបូរ»

ប្រធានឆ្មាំបានបន្តទៀតថា ក្រោយពេលឃាត់ខ្លួនអ្នកនេសាទខុសច្បាប់ទាំងនោះ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំដល់ពួកគេ ទាំងអស់ ឲ្យយល់អំពីច្បាប់ស្តីពីជលផល ជាពិសេស គឺបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាល ស្តីពីការអភិរក្ស និងអភិវឌ្ឍន៍ទេសចរណ៍ សត្វផ្សោតទន្លេមេគង្គ ព្រមទាំងអនុក្រឹត្យលេខ១៥៥ អនក្រ បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ។

បន្ទាប់មកសមត្ថកិច្ចបានធ្វើកិច្ចសន្យា ឲ្យពួកគាត់បញ្ឈប់ការធ្វើនេសាទខុសច្បាប់ ក្នុងតំបន់អភិរក្ស ហាមឃាត់ រួចក៏សម្រេចប្រគល់ទូកម៉ាស៊ីន ជូនពួកគាត់ត្រឡប់ទៅវិញ។ ដោយឡែក ចំពោះមងទាំងអស់ ត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុក នៅប៉ុស្តិ៍ឆ្មាំអភិរក្សផ្សោតកាំពី ដើម្បីសុំយោបល់សម្រេចពីថ្នាក់លើ ចាត់ការតាមនីតិវិធី៕