(បន្ទាយមានជ័យ)៖ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សជិត ១,០០០នាក់ទៀត បានចូលរួមកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចាក់បេតុង៣ខ្សែ ដែលមានប្រវែង ២,៧១៣ម៉ែត្រ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

លោក ឡុង ពុន អភិបាលស្រុកមង្គលបុរី បានលើកឡើងថា ស្រុកមង្គលបុរីនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ មិនបានធ្វើអ្វីជាដុំកំភួននោះឡើយ តែដោយមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទើបស្រុកមង្គលបុរី មានការរីកចំរើនឥតឈប់ឈរ ដូចជាសាលារៀន ប្រឡាយទឹក និងផ្លូវជាដើម។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែមករា នេះលោក អ៊ុង អឿន និងលោក គោស៊ុំ សារឿត បានចូលរួមសម្ពោធផ្លូវចាក់បេតុង ៣ខ្សែ ដែលមានប្រវែង ២,៧១៣ម៉ែត្រ ជាថវិការបស់ខេត្ត ព្រមទាំងផ្លូវចាក់បេតុង១ខ្សែទៀត មានប្រវែង ១,០៥០ម៉ែត្រ និងផ្លូវបាក់កៅស៊ូ៣ខ្សែមានប្រវែង ២,០៣០ម៉ែត្រ ដែលជាថវិការបស់រដ្ឋាភិបាល អនុវត្តដោយនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ។

លោក គោស៊ុំ សារឿត បានថ្លែងថា ផ្លូវទាំង៣ខ្សែដែលកំពុងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ គឺជាចំណងដៃរបស់រាជរដ្ឋភិបាល ហេតុដូច្នេះហើយខេត្តបន្ទាយមានជ័យ ដែលខិតខំធ្វើផ្លូវទាំង ៣ខ្សែ បានចំណាយអស់ទឹកប្រាក់រាប់សែនដុល្លារ សំរាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកឲ្យបានស្រួល នេះសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជារៀងរហូត មិនដែលភ្លេចម្តងណាឡើយ។

លោកបានប្រាប់ឲ្យប្រជាពលរដ្ឋក្នុងស្រុកមង្គលបុរីនេះ ក្រោយពេលបានផ្លូវស្រួលដើរ ហើយត្រូវយកចិត្តទុកដាក់ចេះថែទាំផ្លូវទាំងអស់នេះ ឲ្យបានល្អមិនត្រូវកាប់បំផ្លាញផ្លូវនេះ ដោយគ្មានកាអនុញ្ញាតពីសមត្ថកិច្ចដើម្បីទុកឲ្យក្មេងជំនាន់ក្រោយ បានដើរបន្តទៀត។ លោកបានធ្វើការផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ ចូលរួមការប្រើបាស់ទឹកឲ្យចេះសន្សំសំចៃ មិនត្រូវបូមបឹង ប្រឡាយ ព្រែក ស្ទឹង ដើម្បីចាប់ត្រីលក់ព្រោះវាបាត់ពូជត្រី និងខ្វះទឹកប្រើប្រាស់ជាដើម។ ប្រជាពលរដ្ឋត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ ព្រោះវាអាចការពារអាយុជីវិតអ្នកពាក់បានច្រើន ឲ្យពលរដ្ឋដល់អាយុ ១៥ ឆ្នាំ ត្រូវប្រញាប់ធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវចេះរាប់អានគ្នា អធ្យាស្រ័យគ្នាមានទំនាក់ទំនងល្អនឹងគ្នា ត្រូវចេះគោរពច្បាប់ឲ្យមានក្រមសីលធម៌ល្អ ក្នុងការរស់នៅជាមួយគ្នាដើម្បីប្រទេសជាតិរុងរឿង៕