(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថា ចាប់ពីពេលនេះ លោកធ្វើការឆ្លងឆ្លើយជាមួយសារព័ត៌មានដែលមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់អ្នកដែលបានគោរព និងបំពេញបែបបទបានត្រឹមត្រូវតាមច្បាប់។
ទោះជាយ៉ាងនេះក្តី ដោយឡែកចំពោះសារព័ត៌មានដែលមិនមានច្បាប់អនុញ្ញាត លោកប្រាប់ឱ្យដកស្រង់អត្ថបទពីផេករបស់លោក យកទៅចុះផ្សាយបានដោយសេរី។
ការប្រកាសបែបនេះ របស់លោក ជិន ម៉ាលីន បានធ្វើឡេីងក្រោយពីអង្គភាពព័ត៌មានបរទេសមួយចំនួន បានស្រង់សម្តីរបស់លោករហូតដាក់ចំណងជើងខុសពីខ្លឹមសារដើម ដែលបង្កឱ្យមានការភាន់ច្រឡំ និងភិតភ័យជ្រួលច្របល់ចំពោះខ្លឹមសារដែលបានចេញផ្សាយដោយស្ថាប័នព័ត៌មានទាំងនោះ។
តាមរយៈទំព័រ Facebook ផ្លូវការរបស់លោក ជិន ម៉ាលីន បានប្រកាសយ៉ាងដូច្នេះថា៖ «ជូនចំពោះបងប្អូនអ្នកសារព័ត៌មាន៖ ចាប់ពីពេលនេះ ខ្ញុំធ្វើការឆ្លងឆ្លើយជាមួយសារព័ត៌មានដែលមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់អ្នកដែលបានគោរព និងបំពេញបែបបទបានត្រឹមត្រូវតាមច្បាប់។ ចំពោះសារព័ត៌មានដែលមិនមានច្បាប់អនុញ្ញាត អាចដកស្រង់អត្ថបទពីផេករបស់ខ្ញុំយកទៅចុះផ្សាយបានដោយសេរី។ សូមអរគុណ!»៕