(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនតាមរយៈដំណើរទស្សនកិច្ចរបស់ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានស្នើឱ្យបើកដំណើរការឡើងវិញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជើងហោះហើរជាមួយកម្ពុជា បន្ទាប់ពីស្ថានភាពកូវីដ១៩ រវាងប្រទេសទាំងពីរហាក់ធូរស្រាលមួយកម្រិត។

ថ្លែងក្នុងជំនួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីការបរទេសជប៉ុន បានសង្កេតឃើញអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេស នៅរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។ ជាមួយគ្នានេះ លោកបានអបអរសាទរចំពោះភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេស ព្រមទាំងបានកោតសរសើរចំពោះការគ្រប់គ្រងស្ថានការណ៍ ដែលបានចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ផងដែរ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះថា «លោក(រដ្ឋមន្រ្តីការបរទេសជប៉ុន) បានគោរពស្នើសុំសម្តេចតេជោ ដើម្បីធ្វើយ៉ាងណា បើកដំណើរការឡើងវិញរវាងប្រទេសទាំងពីរ ដោយអនុញ្ញាតឱ្យជប៉ុនធ្វើដំណើរទៅវិញទៅមកជាមួយកម្ពុជា ដើម្បីជំរុញទាំងវិស័យពាណិជ្ជកម្ម ទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យធុរកិច្ចផងដែរ»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រភ្លាមៗ ចំពោះការបើកឱ្យដំណើរការឡើងវិញ លើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងអ្វីៗទាំងឡាយដែល ជាការធ្វើដំណើរទៅវិញទៅមករវាងប្រទេសកម្ពុជា-ជប៉ុន ដែលអាចនាំទៅដល់ការពង្រីកទំនាក់ទំនង កាន់តែខ្លាំងថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ រវាងប្រទេសទាំងពីរផង។ នេះបើតាម លោក អ៊ាង សុផល្លែត។

លោកបានបន្តថា៖ «ចំពោះការបើកដំណើរការរវាងប្រទេសទាំងពីរ សម្តេចតេជោបានស្នើឱ្យមានការហោះហើរឡើងវិញរបស់ក្រុមហ៊ុន ANA។ ការបើកឱ្យដំណើរការហោះហើរឡើងវិញរបស់ក្រុមហ៊ុន ANA អាចនាំឱ្យការធ្វើដំណើររវាងប្រទេសទាំងពីរ មានដំណើរការធម្មតាឡើងវិញ ជាពិសេសជាមួយនឹងវិធានការមួយចំនួនដែលអាចដាក់ចុះ ហើយការហោះហើរឡើងវិញនេះ អាចជំរុញឱ្យមានការកើនឡើងក្នុងទំហំពាណិជ្ជកម្ម និងការវិនិយោគ»

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៤ ហើយពេលនេះ លោកបានក្លាយជា រដ្ឋមន្រ្តីការបរទេសទី១ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីពិភពលោករីករាលដាលជំងឺកូវីដ១៩។ ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តីការបរទេសជប៉ុន បានជម្រាបជូនសម្តេចតេជោផងដែរថា ជប៉ុនបានត្រៀមថវិកាមួយចំនួន ដើម្បីចូលរួមជួយទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងនោះក៏មានជំនួយមកដល់ប្រទេសកម្ពុជាផងដែរ។ លោកបានជម្រាបជូន សម្តេចតេជោផងដែរថា ពេលនេះមាននិស្សិតខ្មែរ១៩នាក់ ដែលទទួលបានអាហាររូបករណ៍ ដើម្បីទៅសិក្សានៅប្រទេសជប៉ុន ដែលនិស្សិតទាំងនេះ ត្រូវអនុញ្ញាតឱ្យចូលទៅសិក្សានៅប្រទេសជប៉ុនឆាប់ៗខាងមុខនេះ។

ជាការឆ្លើយតប, សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយទាំងឡាយ ដែលជប៉ុនបានជួយដល់កម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ហើយក៏បានថ្លែងអំណរគុណចំពោះប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុនផងដែរ ដែលបានជួយដល់កម្ពុជា ជាពិសេសប្រជាជនកម្ពុជា ពលករកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងសិក្សា និងរស់នៅប្រទេសជប៉ុន។

នៅឆ្នាំ២០១៩ កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន មានប្រមាណ២ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ១,២ពាន់លាន ហើយជប៉ុនបាននាំចូលមកកម្ពុជា ប្រមាណ ៨០០លាន។ ដោយឡែកនៅឆ្នាំ២០២០នេះ រយៈពេលជិត៩ខែ ដំបូងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណ៨០០លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន ប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ។ នេះបើតាម សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់រដ្ឋមន្រ្តីការបរទេសជប៉ុន៕