(ព្រះវិហារ)៖ ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ លោក គង់ វិបុល បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះថា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរកំសាន្ត តាមតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្ត មានចំនួន៦,០៥៨៧នាក់។
លោកប្រធានមន្ទីរបានថ្លែងថា បើប្រៀបធៀបកាលពីឆ្នាំ២០១៩កន្លងទៅ គឺមានការថយចុះចំនួន៥៩.៦៨% ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន៦០,៣៣៧នាក់ ថយចុះ៥៩.៦២% និងភ្ញៀវអន្តរជាតិចំនួន២៤១នាក់ ថយចុះ៤៧.៧២%។
លោក គង់ វិបុល បានបន្ថែមថា កត្តាដែលនាំឲ្យភ្ញៀវទេសចរ មានការធ្លាក់ចុះក្នុងឆ្នាំនេះ ដោយសារកាលចូលឆ្នាំ២០១៩កន្លងទៅ ខេត្តព្រះវិហារ មានរៀបចំសង្គ្រាន យ៉ាងធំ រយៈពេល៣ថ្ងៃ នៅប្រាសាទកោះកែរ ហើយម៉្យាងទៀត ដោយសារ មានផ្ទុះជំងឺកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរមួយចំនួន មិនហានដើរលេងកំសាន្ត។
លោកថា ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ ទទួលបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ គ្រប់ទីកន្លែង ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ អាចដើរកំសាន្តគ្រប់ទីកន្លែង មិនថាពេលយប់ ឬពេលថ្ងៃ ដោយមិនមានការភ័យខ្លាច។
ម៉្យាងទៀតដោយអនុវត្តន៍តាមការណែនាំ របស់ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្តព្រះវិហារ មន្ទីរទេសចរណ៍ខេត្ត បានរៀបចំវិធានសុវត្ថិភាពទេសចរណ៍ គ្រប់គោលដៅទេសចរណ៍សំខាន់ៗ ដើម្បីការពារជំងឺកូវីដ១៩ផងដែរ។
ជាមួយគ្នានេះដែរ លោក គង់ វិបុល ក៏បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានជ្រើសរើសខេត្តព្រះវិហារ ជាគោលដៅទេសចរណ៍សំខាន់។
លោកថា ក្រៅពីតំបន់ទេសចរណ៍រួមមាន៖ ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ និងទឹកធ្លាក់ព្រះនិម្មិត មន្ទីរទេសចរណ៍ខេត្តព្រះវិហារ និងខិតខំរៀបចំ តំបន់ទេសចរណ៍មួយចំនួនទៀត ឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរនៅឆ្នាំក្រោយៗទៀត៕