(ឧត្តរមានជ័យ)៖ ពាក្យចាស់បុរាណ បានពោលថា៖ «ស្គាល់មុខ ស្គាល់ឈ្មោះ តែមិនស្គាល់ចរឹក» យ៉ាងណមិញបុរសម្នាក់ មានឈ្មោះថា បណ្ឌិត តែមានចរឹកអន់ជាងសត្វតិរិច្ឆានទៅទៀត ហ៊ានប្រើអំពើហិង្សាបង្ករបួសស្នាម លើម្តាយបង្កើតរបស់ខ្លួន ដែលមានវ័យចំណាស់រហូតរបួសធ្ងន់។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង០៨៖០០នាទី យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បើតាមរបាយការណ៍ របស់នគរបាលក្រុងសំរោង បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ជាកូនឈ្មោះ បេសង្ហបណ្ឌិត ហៅកុយ ភេទប្រុស អាយុ៤០ឆ្នាំ បានផឹកស្រាស្រវឹង ហើយបានយកកាំបិតខ្វែងកាប់មុង និងយកឆ្នាំងគប់ទៅលើម្តាយបង្កើត ឈ្មោះ លឹម សុខអេង អាយុ៦៦ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ ជាំហើមកំភួនដៃខាងស្តាំ។
ក្រោយហេតុការណ៍កើតឡើង ជនសង្ស័យជាកូនអកត្តញូរូបនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់អូរស្មាច់ ចុះឃាត់ខ្លួនភ្លាមៗ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅចាត់ការតាមច្បាប់ តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្សយ័រូបនេះ ជាមុខសញ្ញាមិនរាងចាល់ ដែលតែងតែប្រើអំពើហិង្សា លើគ្រួសារជាញឹកញាប់៕