(ស្វាយរៀង)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២០ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្វាយរៀង ដឹកនាំដោយលោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខាក្រុង និងសហការី នាំយកអំណោយមនុស្សធម៌របស់អនុសាខា ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសារ ស្ត្រីមេម៉ាយមានកូន៤នាក់ ក្នុងបន្ទុកមានជំងឺប្រចាំកាយឈ្មោះ យ៉ាន់ ចន្ថា អាយុ៤០ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង។
នាឱកាសនោះ លោក ណុប ចំរើន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកបន្ដថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាកបាទក្រហមកម្ពុជា ក៏បានរៀបចំនិងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ជាបន្ទាន់ ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
លោក ណុប ចំរើន បានផ្តាំផ្ញើបន្ថែមសូមឲ្យបងស្រី ព្យាយាមលេបថ្នាំតាមវេជ្ជបញ្ជារ និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឲ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
អំណោយដែលបានចែកផ្តល់ជូនរួមមាន៖អង្ករ៣០គីឡូក្រាម, ទឹកផ្លែឈើ១កេស, ទឹកបរិសុទ្ធ១កេស, ទឹកដោះគោឆៅ១ឡូ, ស្ករស១គីឡូក្រាម, ទឹកត្រី៦ដប កាធុនញ៉ូម១, កាធុនជ័រ១, ឆ្នាំងបាយ១, បំពង់ទឹកក្ដៅ១, សូទឹកកក១, កំសៀវទឹក១, ចានស្រាក់១, ខ្ទះឆា១, មុង១, ភួយ១, ខ្នើយ១, កន្ទេលបត់១, កន្ថោនោម១, ថវិកា ៥០,០០០រៀល និងថវិកាលោក ណុប ចំរើន ចំនួន៥០,០០០រៀល៕