(ភ្នំពេញ)៖ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មី រយៈពេល៥ថ្ងៃមកនេះ ដែលមានប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តទូទាំងប្រទេស មិនមានសញ្ញាកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជាឡើយ។ នេះជាការវាយតម្លៃជារួមរបស់ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។
លោកស្រី ឱ វណ្ណឌីន បានចាត់ទុកស្ថានភាពនេះ ជារឿងល្អប្រសើរ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកស្រីនៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយសារតែជំងឺកូវីដ១៩នេះ មិនបានចេញឆ្ងាយពីប្រទេសកម្ពុជានៅឡើយ ខណៈដែលប្រទេសមួយចំនួននៅក្នុងតំបន់ និងសកលលោក នៅតែមានការចម្លងជំងឺកូវីដ១៩ ខ្លាំងក្លានៅឡើយ។
លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមការសង្កេតតាមដានយ៉ាងយកចិត្តទុកដាក់ពីប្រព័ន្ធសុខាភិបាលរបស់យើង នៅតាមបណ្តា រាជធានី-ខេត្ត ជាពិសេស នៅតាមតំបន់ទេសចរណ៍នានា រយៈពេល៥ថ្ងៃ ដែលឈប់សងបុណ្យចូលឆ្នាំថ្មីនេះ យើងសង្កេតឃើញថា មិនទាន់រកឃើញនូវហេតុការណ៍ចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍យើង នៅឡើយទេ»។
ឆ្លៀតនៅក្នុងឱកាសនេះ លោកស្រីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ជាពិសេសក្រុមគ្រូពេទ្យសុខាភិបាល ដែលពុំបានឈប់សម្រាក ហើយបំពេញការងារទៅតាមគោលដៅ ដើម្បីចាំជួយសម្រួល ក្នុងការផ្ដល់សេវាដល់ប្រជាពលរដ្ឋ។
លោកស្រី បានចាត់ទុកថា ការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កម្ពុជាអាចមានប្រសិទ្ធភាព ទៅបានដូចពេលនេះ ដោយសារតែការយកចិត្តទុកដាក់ និងចង្អុលបង្ហាញជាប់ជាប្រចាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមយ៉ាងសកម្មពីអង្គភាពពាក់ព័ន្ធ និងការយកចិត្តទុកដាក់អនុវត្តវិធានការ របស់ប្រជាពលរដ្ឋផងដែរ។
ទោះជាយ៉ាងនេះក្តីការឆកល្វែងមិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយពលរដ្ឋមួយចំនួន នៅតែជាក្តីបារម្ភ របស់អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ដោយលោកស្រីបានបញ្ជាក់ថា ការដែលមិនបានអនុវត្ត តាមវិធានការរបស់ ក្រសួងសុខាភិបាលគឺជាហានិភ័យដល់ការចម្លងជំងឺកូវីដ១៩ផងដែរ៕