(កណ្ដាល)៖ អធិការនគរបាលក្រុងតាខ្មៅ លោក យី វណ្ណដា បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះថា កម្លាំងគ្រប់ប៉ុស្តិ៍ទាំងអស់ បានទប់ស្កាត់បានយ៉ាងល្អប្រសើរ ដោយគ្មានបទល្មើសអ្វីកើតឡើង ក្នុងកំលុងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃនេះឡើយ។
លោក យី វណ្ណដា បានឱ្យដឹងថា ដើម្បីសុខសុវត្ថិភាពពលរដ្ឋ កម្លាំងគ្រប់គោលដៅបានចេញយាមល្បាតទាំងយប់ទាំងថ្ងៃ ២៤ម៉ោង លើ២៤ម៉ោង ពោល គឺតបតាមបទបញ្ជាផ្ទាក់ពីសំណាក់ឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត តម្រូវឱ្យការពារបានជាដាច់ខាត ទប់ស្កាត់រាល់បទល្មើសនានាមិនឱ្យកើតមាននៅមូលដ្ឋានក្រុងតាខ្មៅនេះឡើយ។
លោក យី វណ្ណដា បានបញ្ជាក់ថា រយៈពេល៥ថ្ងៃនេះ សភាពការណ៍គឺល្អប្រសើរណាស់ ដោយគ្មានបទល្មើសណាមួយកើតឡើងទេ ដែលនេះសបញ្ជាក់ឱ្យឃើញពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅទាំងអស់គ្នា ដែលបានព្យាយាមធ្វើការទាំងយប់ទាំងថ្ងៃគ្មានបានសំរាកឡើយ។
ទន្ទឹមនឹងសារនេះដែរ ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានសាទរចំពោះការខិតខំប្រឹងប្រែងការពារសុខសុវត្ថិភាពរបស់កម្លាំងនគរបាលក្រោមការដឹកនាំរបស់លោក យី វណ្ណដា ដែលបានធ្វើការងារល្អចំពោះការការពារសុខសុវត្ថិភាពប្រជាជនក្រុងតាខ្មៅ។
លោក យី វណ្ណដា បានគូសបញ្ជាក់ថា ក្នុងនាមជាសមត្ថកិច្ច លោកនឹងនៅតែបន្តខិតខំប្រឹងប្រែងការពារសន្តិសុខសង្គមឱ្យបានល្អ ការពារប្រជាជន ការពារសន្តិភាព ធ្វើយ៉ាងណាឱ្យសង្គមឱ្យមានសុខសុវត្ថិភាព ជាពិសេសតាមដានបង្ក្រាបរាល់បទល្មើសនានា នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងឱ្យដូចភ្លៀងរលឹម៕