(ភ្នំពេញ)៖​ ក្រុមការងារយុវវិស្វករនៃគណៈវិស្វករកម្ពុជា ដឹកនាំដោយលោក នៅ ឌីណា ប្រធានក្រុមការងារយុវវិស្វករនៃគណៈវិស្វករកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានធ្វេីជាម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំពាក់កណ្តាលអាណត្តិលើកទី១៩ នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន តាមរយៈសន្និសីទវិដេអូពីចំងាយ (Video Conference) ដើម្បីពិភាក្សាលើរបាយការណ៍ និងទិសដៅការងារសម្រាប់សន្និសីទលើកទី៣៨ នាខែវិច្ឆិកា ឆ្នាំ២០២០ នៅប្រទេសវៀតណាម​ នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះ​ ក៏មានការចូលរួមពីប្រធាន និងតំណាង​យុវវិស្វករ​ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងលេខាធិការដ្ឋានយុវវិស្វករអាស៊ានផងដែរ។

កិច្ចប្រជុំនេះដែរមានគោលបំណងសំខាន់ៗដូចជា៖

ទី១៖​ ប្រមូលផ្តុំទស្សនវិស័យពីបណ្តាប្រទេសនៃសមាជិកអង្គការសហព័ន្ធវិស្វកម្មអាស៊ាន សម្រាប់យកទៅប្រជុំពិភាក្សានៅសន្និសីទលើកទី៣៨ នៅប្រទេសវៀតណាម។

ទី២៖​ ចូលរួមចំណែកលើកកម្ពស់វិជ្ជាជីវៈវិស្វកម្មឱ្យកាន់តែប្រសើរឡើង។

ទី៣៖​ ពង្រឹងសមត្ថភាពវិជ្ជាជីវៈបច្ចេកទេសគ្រប់ជំនាញ និងពង្រីកធនធានមនុស្សឱ្យស្របតាមតម្រូវការសង្គមបច្ចុប្បន្ន និងអនាគត។

ទី៤៖​ ធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់។

ទី៥៖​ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្ទៃក្នុងថ្នាក់ជាតិ និងអន្តរជាតិ។

ទី៦៖​ ទទួលស្គាល់គុណភាពអប់រំវិស្វកម្ម និងបំពាក់បំប៉នជំនាញវីជ្ជាជីវៈដើម្បីឱ្យមានគោរម​ងារជាវិស្វករអាជីពជាតិ និងអន្តរជាតិ។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ​ បានឯកភាពលើសេចក្តីព្រាងរបាយការណ៍នៃកិច្ចប្រជុំក្រុមប្រឹក្សាយុវវិស្វករអាស៊ាន លើកទី២៦ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ បានស្នើសុំឱ្យរៀបចំនូវបែបបទ និងនីតិវិធីសម្រាប់ការប្រកួតប្រជែងសមត្ថ​ភាពក្នុងវិស័យវិស្វកម្មរបស់យុវវិស្វករ ដើម្បីពិនិត្យ និងសម្រេចផ្តល់គ្រឿងឥស្សរៈ​យស និងលិខិតសរសើរ​ជូនយុវវិស្វករសម្រាប់ជាតំណាងប្រទេសនីមួយៗចំនួនម្នាក់ជារៀងរាល់ឆ្នាំផងដែរ៕