(ព្រៃវែង)៖ កម្លាំងជំនាញនៃស្នងកាដ្ឋាននគរបាខេត្តព្រៃវែង បានចុះសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនជនសង្ស័យ ដែលបានសម្លាប់ស្រ្តីម្នាក់ នៅប្រឡាយទឹកស្រុកបាភ្នំ ខេត្តព្រៃវែង បានហើយនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះថា ជនសង្ស័យ ឈ្មោះ អ៉ីម រត្ន័ ហៅឆ្អឹង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រែវែង ត្រូវបានចាប់ខ្លួននៅម៉ោង៨យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅចំណុចបេនរថយន្តវិរះប៊ុនថាំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកបន្តថា បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ចូនខ្លួនទៅតុលាការ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋបានរាយការណ៍ថា ឃើញមានសាកសពជាមនុស្សស្រីម្នាក់អណ្ដែតទឹក ក្នុងប្រឡាយទឹក នៅភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ សពជនរងគ្រោះមានឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជាមនុស្សមិនពេញលក្ខណៈ រស់នៅភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សមត្ថកិច្ចមូលដ្ឋានបានបន្តថា តាមបណ្ដឹងរបស់ឈ្មោះ អឺម ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាម្ដាយជនរងគ្រោះបានប្ដឹងរាយការណ៍ថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៩៖៣០នាទីយប់ ឈ្មោះ អឺម រ័ត្ន ហៅ ឆ្អឹង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ និងបក្ខពួកពីរនាក់ទៀត បានឌុបជនរងគ្រោះនឹងម៉ូតូ១គ្រឿង ឆ្ពោះទៅទិសខាងកើតបាត់ទៅ។ គាត់តាមរកជនរងគ្រោះ តែរកមិនឃើញលុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ទើបប្រទះឃើញសាកសពតែម្ដង។

សមត្ថកិច្ចបានបន្ថែមថា យោងតាមការពិនិត្យសាកសព ឃើញមានស្នាមរបួសចំនួន៣កន្លែង ក្រោមភ្នែកខាងស្ដាំ ចំកញ្ចប់មាត់ ចំច្រមុះ ហើយតាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម៕