(កំពង់ស្ពឺ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ជាង៩យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ មានករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅដីរបស់ឧកញ៉ា អ៊ុក ឃុន តាមផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៨៣ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយទេ។

លោក សោម បូរ៉ា ស្នងការរងនគរបាល ខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា លោកក៏ទើបបានទទួលព័ត៌មាននេះដែរ ប៉ុន្តែមិនទាន់អាចនិយាយបានទេ ដោយរង់ចាំកម្លាំងនគរបាលរបស់លោក ចុះទៅកាន់ទីនោះសិន ដើម្បីសួរនាំនិងស្រាវជ្រាវ។​

មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុន ដាវីត អាយុ១៨ឆ្នាំ ជាកម្មករចាំដីឲ្យក្រុមហ៊ុនរបស់ឧកញ៉ា អ៊ុក ឃុន មានស្រុកកំណើតនៅខេត្តកំពង់ចាម ត្រូវបានជនល្មើសបាញ់ចំនួន៣គ្រាប់ចំភ្នែក, មាត់​ និងច្រមុះ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង នៅខាងក្រោយក្រុមហ៊ុនឧកញ៉ា អ៊ុក ឃុន។

សម្រាប់មូលហេតុវិញ ត្រូវបានមន្រ្តីអាវុធហត្ថសន្និដ្ឋានថា អាចបណ្តាលមកពីជម្លោះដីធ្លី។ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ បាននិងកំពុងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ជនល្មើស៕