(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តម សេនីយ៍ទោ អាត់ ខែម នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បានឆ្លៀតពេល ដឹកនាំសហការីមួយចំនួន ចុះទៅកាន់ភូមិដាច់ស្រយ៉ាល គឺ ភូមិគោកចាស់ របស់ឃុំសំរោង ស្រុកអូរជ្រៅ ដើម្បីនាំយកអំណោយ និង ថវិកា ទៅចែកជូនដល់ ប្រជាពលរដ្ឋនៅតំបន់នោះ ព្រមទាំងការ ជួយដោះស្រាយ បញ្ហាប្រឈមមួយចំនួនផងដែរ។

ជាទឹកដី ដែលធ្លាប់រស់នៅ នារយៈពេល ចុងក្រោយ នៃរបបវាលពិឃាត៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះ លោកឧត្តមសេនីយ៍ ស្នងការ បានរំលឹកពីការឈឺចាប់ និងភាពអត់ឃ្លាន យ៉ាងខ្លាំងនៅពេលនោះ ពោលគឺប្រជាពលរដ្ឋទាំងមូលតែម្តង ប៉ុន្តែដោយសារថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជា ទើបជួយរំដោះប្រទេសរហូតមកដល់ពេលនេះ មានសន្តិភាពនិងការរីកចំរើនពេញផ្ទៃប្រទេស។

លោកស្នងការ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តី នៃកម្ពុជា ព្រមទាំងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹក នាំទំាងអស់ ដែលបានគិតគូ និងជួយដោះស្រាយ បញ្ហានានាដល់ ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងមិនថា តែខេត្តបន្ទាយមានជ័យនោះទេ។

ក្រៅពីការចែក អំណោយជាសារុង និងថវិកា ជូនប្រជាពលរដ្ឋនៅក្នុងភូមិនោះ លោកឧត្តមសេនីយ៍ អាត់ ខែម ក៏បានប្រកាសផ្តល់អំណោយ របស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ផងដែរនោះគឺ ការជួយជីកអណ្តូងដៃ មួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ និង រដ្ឋអំណាចតាមការស្នើសុំ ក្រោយពីពួកគាត់ប្រកាសថា ខ្វះខាតទឹកប្រើប្រាស់ ប្រចាំថ្ងៃ។

ក្រោយបញ្ចប់សំណេះសំណាលរួចមក លោកស្នងការ ក៏បានឈៀង ចូលទៅកាន់ប៉ុស្តិ៍រដ្ឋបាលឃុំសំរោង ដែលទើបនឹងទទួលអាគារថ្មី ពីក្រសួង មហាផ្ទៃ។

នៅចំពោះមុខកងកម្លាំង នគរបាលមូលដ្ឋានទាំងនោះ លោកស្នងការ បានជំរុញឲ្យ បន្តពង្រឹងការងារសន្តិសុខ និងការពារសណ្តាប់ជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង លើការទប់ស្កាត់បទល្មើស ដូចជា លួចប្លន់ និងគ្រឿងញៀន ជាដើម៕